ណៃពីដោ៖ ទីតាំងប៉ុស្តិ៍ពាណិជ្ជកម្មដ៏សំខាន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា Myawaddy ត្រូវកងកម្លាំងឧទ្ទាម បានរឹបអូសពីរបបយោធាដែលកំពុងកាន់អំណាច កាលពីសប្តាហ៍មុន ខណដែលនេះបង្ហាញពីសក្ដានុពលនៃក្រុមឧទ្ទាម ដែលកើនឡើងនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
យោងតាមរបាយការណ៍ពី Reuters បានឲ្យឃើញថា នៅជាយក្រុងព្រំដែន ដែលជាកន្លែងនៃការប្រយុទ្ធគ្នាខ្លាំងបំផុត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្ទះដែលបោះបង់ចោល អគារប្រហោងដោយសារគ្រាប់កាំភ្លើង ស្ថានីយ៍ប្រេងឥន្ធនៈរងការខូចខាតដោយការបំផ្ទុះ និងរចនាសម្ព័ន្ធបាក់បែកដោយការវាយប្រហារតាមអាកាសមួយចំនួនផ្សេងៗទៀត ។
ទន្ទឹមនោះ លោក Saw Kaw មេបញ្ជាការនៃអង្គភាពឧទ្ទាមដែលចូលរួមក្នុងសមរភូមិនៅទីតាំងប៉ុស្តិ៍ Myawaddy បាននិយាយថា យើងបានគ្រប់គ្រងមូលដ្ឋានចំនួន ៣ និងគ្រប់គ្រងតំបន់នេះ ក្នុងរយៈពេលដ៏ខ្លីបំផុត។
គួរបញ្ជាក់ថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះរវាងក្រុមឧទ្ទាមដែលតំណាងឲ្យប្រជាជនមីយ៉ាន់ម៉ា ជាមួយនឹងរបបយោធា នៅតាមព្រំដែនជាមួយថៃ ដែលធ្វើឲ្យប្រជាជនជាច្រើនម៉ឺននាក់ រត់ភៀសខ្លួនចេញពីប្រទេស៕