ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងទេសចរណ៍ បកស្រាយ​ចម្ងល់​អំពី​តួលេខ​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤

ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤​ក្រសួងទេសចរណ៍​បានបង្ហាញ​ស្ថិតិ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែលមាន​ចំនួន​សរុប​រហូតដល់ ២១,៧០​លាន​នាក់ ហើយ​ចំនួន​ដ៏​ច្រើន​លើសលុប​នេះ​បានធ្វើ​ឲ្យ​សាធារណមតិ​ខ្លះ​មាន​ចម្ងល់​ថា “​ប្រជាជន​ខ្មែរ មាន​ប្រមាណ​តែ​១៧ លាន​នាក់​ប៉ុណ្ណោះ ចុះ​ហេតុអ្វី​បាន​ជាមាន​ទេសចរ និង​អ្នកដើរ​កម្សាន្ត រហូតដល់​ជាង​២១​លាន​នាក់ ក្នុងពេល​ចូលឆ្នាំថ្មី ៤​ថ្ងៃ​កន្លងទៅនេះ​?​។​

លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ សូម​ជម្រាបជូន​សាធារណជន​ថា ការរាប់ និង​គិតពី​ចំនួន​ទេសចរ​នេះ គឺមាន​ប្រភេទ​ខុសៗ​គ្នា​៖ ទី​១-​ទេសចរ​អន្តរជាតិ (International Tourist Arrival) ទី​២- ទេសចរ​ផ្ទៃក្នុង (Internal Tourist) ដោយ​ចែកជា​២​គឺ ទេសចរ​ជាតិ​(Khmer)​និង​ទេសចរ​បរទេស​(Foreigner)​។​

លោក​បន្តថា ចំពោះ​ទេសចរ គឺ​សំដៅ​ដល់​អ្នក​ដែល​ធ្វើដំណើរ​ចេញពី​លំនៅឋាន​របស់ខ្លួន ទៅកាន់​គោលដៅ​ណាមួយ​និង​ស្នាក់នៅ​ចាប់ពី​១​យប់​ឡើងទៅ និង​មិន​លើសពី​ការកំណត់​ណាមួយ​(៣០​ថ្ងៃ​)​។​

ដោយ​ទ្បែ​ក អ្នកដើរ​កម្សាន្ត គឺ​សំដៅ​ដល់​អ្នកធ្វើដំណើរ​ទៅកាន់​គោលដៅ​ណាមួយ ហើយ​មិន​ស្នាក់​នៅទេ ពោលគឺ​ត្រឡប់មកផ្ទះ​វិញ (​វិល​ល្ងាច – same-day visitor)​។​

ដូច្នេះ​ចំនួន​ជាង​២១​លាន​នាក់ ក្នុងពេល​ចូលឆ្នាំ​កន្លងទៅនេះ គឺ​គិត​ទាំង​ទេសចរ​និង​អ្នកដើរ​កម្សាន្ត​(​ទេសចរ​ផ្ទៃក្នុង​) ខណដែល​មនុស្ស​ម្នាក់ៗ​អាច​រាប់​ច្រើនដង តាម​គោលដៅ​ដែល​គាត់​ធ្វើដំណើរ​ទៅ​។ ទន្ទឹម​នោះ សម្រាប់​ទេសចរ​១​នាក់ បើ​ស្នាក់នៅ​១​យប់ គិត​ចំនួន​១​ដង បើ​នៅ​២​យប់ រាប់​១​ដង​ទៀត មានន័យថា ទេសចរ​១​នាក់ ឡើង​២​នាក់ (២​ដង​)​។ ចំណែក​អ្នកដើរ​កម្សាន្ត ក៏​គិត​ដូចគ្នា (​មកលេង​ថ្ងៃទី​១ គិត​១​ដង ថ្ងៃទី​២​មកទៀត គិត​១​ដង​ទៀត​…)​។ អញ្ចឹង​សួរថា ហេតុអ្វី​បានជា​គិត​ដូច្នេះ​? មូលហេតុ​គឺ រាល់​ការ​ស្នាក់នៅ​និង​ធ្វើដំណើរ​កម្សាន្ត ត្រូវ​ចំណាយ​(​ចាយលុយ​)​លើ​សោហ៊ុយ​ធ្វើដំណើរ (​សាំង​ឡាន ម៉ូតូ​…) ថ្លៃ​ស្នាក់នៅ ហូបចុក និង​ចំណាយ​ផ្សេងៗ​ទៀត​។ ដូច្នេះ​ចំនួន​២១​លាន​នាក់​នេះ មិនមែនជា​ចំនួន​មនុស្ស ២១​លាន​នាក់​ផ្សេងៗ​គ្នា​នោះទេ ពោលគឺ​ចំនួន​ដង​នៃ​ទេសចរ​និង​អ្នកដើរ​កម្សាន្ត (២១​លាន​ដង​/​នាក់​)​។​

អ្នកនាំពាក្យ​រូបនោះ​បានបញ្ជាក់​បន្ថែម​ថា ចំពោះ​មូលដ្ឋាន​នៃ​ការគិត​គឺ​ទី​១- ទិន្នន័យ​ពី​កន្លែង​ស្នាក់នៅ (​សណ្ឋាគារ ផ្ទះសំណាក់​) ទី​២-​ទិន្នន័យ​ពី​រមណីយដ្ឋាន (​តាម​ចំនួន​សំបុត្រ រាប់​ចំនួន​ឡាន ម៉ូតូ​) និង​ទី​៣ គណនា​តាម​ផ្ទៃក្រឡា នៅ​កន្លែង​ជួបជុំ​ដូចជា ទីតាំង​អង្គរ​សង្ក្រាន្ត ការប្រគំ​តន្ត្រី​ជាដើម​។​ល​។ ដោយ​ក្នុង​១​ម៉ែត្រការ៉េ រាប់​ពី​៣​ទៅ​៤​នាក់ តាម​មនុស្ស​តិច​ច្រើន ដែលជា​របៀប​ប៉ាន់ស្មាន​ជាទូទៅ​នៃ​ការរាប់​ចំនួន​មនុស្ស (​មិនមែន​ចាប់​រាប់​ម្តង​មួយៗ​នោះទេ​)​។ ប៉ុន្តែ​សូមបញ្ជាក់ថា មិន​រាប់​អ្នកដំណើរ​តាមផ្លូវ ឬ​ស្ទះ​ជាប់​នៅលើ​ផ្លូវ​នោះទេ​។​

ចំពោះ​ចំនួន​ទេសចរ​អន្តរជាតិ ទទួល​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​រាប់​ទិន្នន័យ​ជាក់លាក់​នៃ​ជនបរទេស​ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​យើង​តាម​គ្រប់​ច្រក​អន្តរជាតិ (​លិខិតឆ្លងដែន ស្កែ​ន​ក្រយៅដៃ វី​សា​) ទេសចរ​១​នាក់ ចូលមក​១​ដង​គិត​១​នាក់ (​មាន​ទេសចរ​ខ្លះ ក្នុង​១​ឆ្នាំ​អាច​ចូលមក​លើសពី​១​ដង​)​។​

លោក​ថា ចំណុច​សំខាន់​នៃ​បុណ្យចូលឆ្នាំថ្មី ឆ្នាំរោង​នេះ គឺ​យើង​ទទួលស្គាល់​ការពិត​ថា ពិត​ជាមាន​មនុស្ស​ចូលរួម​កម្សាន្ត​សប្បាយ​ច្រើន​មែន !! សូម​អរគុណ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា