ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់​គំរាម​កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​ស្រា​អ៊ែ​ល​ប្រសិនបើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រង​ការវាយប្រហារ​

មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ បាន​ព្រមាន​ថា ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីស្រាអែល នឹងត្រូវ​កំណត់​គោលដៅ កម្ទេច​ប្រសិនបើ​អ៊ីស្រាអែល​ចាត់វិធានការ​ប្រឆាំងនឹង​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមាន​ទំនាក់ទំនង​ជាមួយ​ឆ្មាំ​បដិវត្តន៍​បាន​ដកស្រង់​ការធ្វើ​អត្ថាធិប្បាយ​បែបនេះ ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី Ahmad Haqtalab កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤​។​

លោក​បាន​និយាយ​បែបនេះ គឺ​ចំពេល​មានការ​ព្រួយបារម្ភ​ថា អ៊ីស្រាអែល​អាច​វាយប្រហា​រ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ធ្វើឡើង​ដោយ​ទីក្រុង​តេ​អេ​រ៉ង់​ប្រឆាំងនឹង​អ៊ីស្រាអែល​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ Haqtalab ដែល​ទទួលបន្ទុក​ធានា​សន្តិសុខ​នៃ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​និយាយថា ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីស្រាអែល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​រួចហើយ ហើយ​ជា​មូលដ្ឋាន​ដែល​ត្រូវកម្ទេច នៅពេលដែល​អ៊ីស្រាអែល​វាយបំផ្លាញ​ទីតាំង​នុយ​ក្លេ​អែរ​របស់​យើង​។​

លោក​បាន​និយាយ​បន្តថា ប្រសិនបើ​អ៊ីស្រាអែល​ព្យាយាម​ប្រើការ​គំរាមកំហែង​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​តេ​អេ​រ៉ង់​នោះ គោលនយោបាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​ទំនងជា​នឹងត្រូវ​បាន​កែសម្រួល​ភ្លាមៗ​តែម្តង​។​

បច្ចុប្បន្ន អ៊ីរ៉ង់​នៅតែ​ប្រកាន់​ជំហរ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​ក្នុង​គោលបំណង​សន្តិភាព ហើយ​ក្រុង​តេ​អេ​រ៉ង់​គ្មាន​ចេតនា​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។​

ចំណែក​រដ្ឋាភិបាល​អ៊ីស្រាអែល​បាននិងកំពុង​ពិភាក្សា អំពី​ការឆ្លើយតប​របស់ខ្លួន​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​។ នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋ​អ៊ីស្រាអែល​នឹងធ្វើ​អ្វីដែល​ចាំបាច់​ដើម្បី​ការពារ​ខ្លួន ។​

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ លោក Rafael Grossi បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីភ្នាក់ងារ​របស់លោក​មានការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​អ៊ីស្រាអែល​អាច​កំណត់​គោលដៅ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​ត្រូវតែមាន​ការអត់ធ្មត់​ក​ម្រិ​ត​ខ្ពស់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា