ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន​

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហារ​ដ្ឋា​ន នៅ​សាកលវិទ្យាល័យ​ការពារជាតិ នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែលមាន​ថាមពល​ខ្លាំង ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ សំដៅ​ធ្វើ​ឲ្យ​បរាជ័យ រាល់​ឧបាយកល និង​សកម្មភាព​របស់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា បង្ក​អ​សន្ត​សុខ​ដល់​សង្គមជាតិ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន ហើយ​សកម្ម​រួមចំណែក​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​បាន​ទាន់ពេលវេលា​។​

សូមជម្រាបថា ទន្ទឹមនឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នានា​ហើយ​នោះ ក៏មាន​ការបិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០២៣​និង​បើក​វគ្គ​សិក្សា​សម្រាប់​ឆ្នាំ​២០២៤​ផងដែរ​។​

អគារ​សាល​សហ​សិក្សា អគារ​ស្នាក់នៅ អគារ​អាហា​រដ្ឋា​ន​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ និង​បានបញ្ចប់​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៣​។​

នាឱកាស​នោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទ្បើង​ដែរ​ថា​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ឆ្នាំនេះ​គឺ​បានល្អ បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ ចំណែក​បញ្ហា​អសន្តិសុខ និង​ការបង្ក​ហិង្សា​នានា​ក៏បាន​ថយចុះ​ប្រមាណ ៣០% ផងដែរ​។ ផ្តើម​ពី​នោះ​សម្តេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋ​គ្រប់រូប ដែល​បាន​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​បុណ្យចូលឆ្នាំថ្មី​បានល្អ​ប្រសើរ​។​

សម្តេច​ថែមទាំង​បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ថ្នាក់ដឹកនាំ យោធា​ចា​រ្យ នាយទាហាន នាយទាហានរង​និង​ពលទាហាន និស្សិត និង​សិក្ខាកាម ភ្ញៀវកិត្តិយស​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ​។​

សម្តេច​ធិបតី​បាន​ក៏​ថ្លែង​បញ្ជាក់​ជាថ្មី​ដែរ​ថា កិច្ចការ​ការពារជាតិ ជា​កិច្ចការ​ត្រូវធ្វើ​ជាប់​ជាប្រចាំ ហើយ​កងកម្លាំង​ជា​កម្លាំង​ស្នូល​លើ​កិច្ចការ​ការពារជាតិ​។ សម្តេច​ថា ដើម្បី​ពង្រឹងសមត្ថភាព​នាយទាហាន​លើ​កិច្ចការ​ការពារជាតិ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការបណ្តុះបណ្តាល​។ ទន្ទឹម​នោះ សម្តេច​ធិបតី​បាន​ណែនាំ​អំពី​ការគិតគូរ​ពី​ការជ្រើសរើស​នាយទាហាន និង​ពលទាហាន ឱ្យបាន​ច្បាស់លាស់​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សង្គម​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទ្បើង​ថា សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់នូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន តាម​ការស្នើសុំ​របស់ នាយ​ឧត្ដមសេនីយ៍​សាស្ត្រាចារ្យ ជា តារា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អតីត​ជា​សាកលវិទ្យាធិការ កសាង​អគារ​ខ្នាត​ធំ​នៅទីនេះ​ចំនួន​៣​ខ្នង អគារ​សាល​សហ​សិក្សា​ចំណុះ​៣៥០០​នាក់ អគារ​-​ស្នាក់នៅ​និស្សិត​ខ្នាត​អន្តរជាតិ​២​ខ្នង ៥​ជាន់​មាន​១០០​បន្ទប់ អគារ​អាហា​រដ្ឋា​ន ដែល​យើង​ទើបនឹង កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ បន្ថែម​ពីលើ​អគារ​បដិសណ្ឋារកិច្ច​ថ្នាក់ដឹកនាំ និង​បណ្ណាល័យ ដែល​សម្តេច​ផ្ទាល់​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលបើ​កវគ្គ សិក្សា​ឆ្នាំ​២០២៣​។​

សម្តេច​ធិបតី​បាន​ថ្លែងថា យើង​នៅតែ​រក្សា​ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ធានាបាន​នូវ​ដំណើរ​ការជំរុញ​កំណើនសេដ្ឋកិច្ច​។​យ៉ាងណាក៏ដោយ​សម្តេច​ធិបតី មិនអាច​បំភ្លេចបាន​នូវ​គុណ​តម្លៃ​ដ៏​ធំធេង​របស់ សម្ដេច​ពិជ័យ​សេនា ដែល​បាន​ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​ជា​កម្លាំង​ស្នូល​ក្នុងការ​អនុវត្ត​ដោយ​ជោគជ័យ នូវ​ភារកិច្ច​ប្រឆាំង​ទប់ស្កាត់ ព្យាបាល​ជំងឺ​កូ​វីដ​១៩ បាន​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម យុទ្ធនាការ ដឹកជញ្ជូន​ពលករ​ចំណាកស្រុក​។​ល​។​

សម្តេច​អះអាងថា នៅ​ចំពោះមុខ​សភាពការណ៍ បញ្ហា​ប្រឈម​និង​កាលានុវត្តភាព នៃ​បរិបទ​ទូទៅ​លើ​សាកលលោក ក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ប្រទេស ទន្ទឹមនឹង​ការអនុវត្ត​ភារកិច្ច​ដ៏​ពិសិដ្ឋ​របស់ខ្លួន​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ជា​កម្លាំង​មាន​ឧ​ត្ត​ម​គតិ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ ចំពោះ​រាជរដ្ឋាភិបាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​សន្តិភាព រាល់​សមិទ្ធផល​សង្គម​ជាតិ​សមិទ្ធផល​នយោបាយ​ឈ្នះ​! ឈ្នះ​!​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សង្កត់ធ្ងន់ថា យើង​ត្រូវ​បន្តធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ចាប់ពី​ស្ថាប័ន​ថ្នាក់ ដឹកនាំ​បញ្ហា រហូតដល់​កងឯកភាព​ឲ្យ​បានសម្រេច​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ក្នុង​ស្មារតី​សាមគ្គីភាព និង​ទទួលខុសត្រូវ​បំផុត​។ ជាមួយ​នោះ ត្រូវ​ពង្រឹង​ខឿន​ការពារជាតិ​ហើយ​កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែលមាន​ថាមពល​ខ្លាំង​. សមត្ថភាព​ពេញលេញ​មាន​ឆន្ទៈ​មោះមុត មនសិការ​និង​វិន័យ​ល្អ ការពារ​បាន​រឹងមាំ នូវ​ឯករាជ្យ​ជាតិ​អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ​សំដៅ​ធ្វើ​ឲ្យ​បរាជ័យ រាល់​ឧបាយកល​និង​សកម្មភាព​របស់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅប្រទេស​។​

សម្តេច​ធិបតី បាន​ថ្លែង​បញ្ជាក់​បន្ថែមថា ការប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​យើង ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន ហើយ​សកម្ម​រួមចំណែក​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​បាន​ទាន់ពេលវេលា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ការកែទម្រង់​រចនាសម្ព័ន្ធ​ចាត់តាំង​ស្ថាប័ន​កងឯកភាព ត្រូវ​អនុវត្តតាម​គោលការណ៍ វិ​សមិត​មុខងារ​តួនាទី​ភារកិច្ច របស់​ស្ថាប័ន​កងឯកភាព​ដើម្បី​លុបបំបាត់​ភាពត្រួតគ្នា​ឲ្យ​បានសម្រេច​តាម​ដំណាក់កាល​នីមួយៗ យ៉ាង​ម៉ឺងម៉ាត់​ម៉ត​ចត់​។​ចំណែក​ចំនួន​ទ័ព​នៃ​ស្ថាប័ន​បញ្ជាការដ្ឋាន កងឯកភាព នានា ត្រូវ​ស្ថិតក្នុង​កម្រិត​សមស្រប​។​

សម្តេច​ធិបតី ថ្លែងបន្តថា ជាមួយគ្នានេះ សមាមាត្រ​នៃ​បរិមាណ​រវាង​នាយទាហាន និង ពលទាហាន ត្រូវ​ឲ្យ​មាន​ភាពសមស្រប ជាពិសេស​ខិតខំ​លុបបំបាត់​ឲ្យ​បានជា​ជំហានៗ​នូវ ស្ថានភាព​ចំនួន «​ទ័ព​លើស​តែ​ខ្វះ​» និង «​ខ្វះ​តែ​លើស​»​។ ទន្ទឹម​នោះ​ការជ្រើសរើស​តែងតាំង​ដំឡើង​ឋានន្តរស័ក្តិ ត្រូវអនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍ “​គុណា​ធិបតេយ្យ​ដោយ​ផ្អែក​តាម​មុខដំណែង និង​ច្បាប់​លក្ខន្តិកៈ​ទូទៅ សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ការបំពេញភារកិច្ច​យោធិន​គ្រប់លំដាប់​ថ្នាក់​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវអនុវត្ត និង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​។ មេបញ្ជាការ​គ្រប់​ថ្នាក់ ត្រូវមាន​វិធានការ​ចាត់តាំង​ផ្សព្វផ្សាយ​គ្រប់គ្រង ក្តាប់​ឲ្យ​ជាប់​នូវ​សតិអារម្មណ៍​យោធិន ដើម្បី​ធ្វើការ​កែតម្រូវ​ទាន់ពេល​វេលា​។​

សម្តេច​ធិបតី មានប្រសាសន៍​បន្ថែមថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច​សូម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សាល​សហ​សិក្សា​អគារ​ស្នាក់នៅ អគារ​អាហា​រដ្ឋា​ន និង​សមិទ្ធផល​នានា នៅ​សាកលវិទ្យាល័យ​ការពារជាតិ និង សូម​ប្រកា​សបិទ​វគ្គ​សិក្សា​ឆ្នាំ​២០២៣ បន្ត​បើក​វគ្គ​សិក្សា​ឆ្នាំ​២០២៤ ចាប់ពីពេលនេះ​តទៅ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា