ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាល​ខេត្តកំពត ណែនាំ​ពលរដ្ឋ​បី​ចំណុច ដើម្បី​ព​ន្លឿ​ន​ការវាស់វែង និង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

​ភ្នំពេញ​៖ ដើម្បី​ព​ន្លឿ​ន​ការងារ​វាស់វែង និង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​មានការ​ចូលរួម និង​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ ហើយ​ត្រូវ​តៀម​ឯកសារ​ដែល​ពាក់ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ​ជាមុន ដើម្បី​ព​ន្លឿ​ន និង​សម្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុងការ​អនុវត្ត​ការងារ​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើឱ្យ​ពលរដ្ឋ​មានការ​ច្បាស់លាស់​ទៅលើ​ព្រំដី​របស់ខ្លួន និង​កុំឱ្យ​មានទំនាស់​ដែល​អាចធ្វើឱ្យ​រាំងស្ទះ​ការចុះអនុវត្ត​របស់​ម​ន្ត្រី​ជំនាញ​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ អភិបាល​ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី​ទាំងអស់ ដែល​នឹងត្រូវ​ធ្វើការ​វាស់វែង​នាពេលខាងមុខ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ឱ្យបាន​ល្អ ដើម្បី​ព​ន្លឿ​ន​នៃ​ការចុះវាស់វែង​។

​ឯកឧត្តម​អភិបាលខេត្ត បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្តន៍​បី​ចំណុច​សំខាន់ៗ​ដែល​ជួយ​ធ្វើឱ្យ​ការចុះបញ្ជី​ដីធ្លី​នេះ​បាន​លឿន ដោយ​ទី​១. ត្រូវ​រៀបចំ​នូវ​ឯកសារ​នៃ​ការកសាង​បណ្ណ ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការចេញ​បណ្ណ​ឱ្យបាន​គ្រប់គ្រាន់​តាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​, ទី​២. បងប្អូន​ដែលជា​ម្ចាស់​ក្បាលដី​ទាំងអស់ ត្រូវ​ទៅ​បោះ​បង្គោលព្រំ​របស់ខ្លួន​ជាមួយ​អ្នក​ដែល​ជាប់​ព្រំដី​នឹង​គ្នា ដើម្បី​សម្គាល់​ដី​រៀងៗ​ខ្លួន​ឱ្យបាន​ច្បាស់លាស់ និង​ទី​៣. សូម​បងប្អូន​ដែលជា​ម្ចាស់​ដី​ទាំងអស់​ជៀសអោយផុត​ពី​បញ្ហា​ទំនាស់​ព្រំដី ដែលជា​កត្តា​មួយ​ធ្វើឱ្យមាន​ការយឺតយ៉ាវ​ក្នុង​ដំណើរការ​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​នេះ​។​

​យោងតាម​របាយការណ៍​របស់លោក ព្រាប សុផាត ប្រធានស្តីទី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានឱ្យដឹងថា ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​នាពេលនេះ​មាន​ចំនួន ១១​ភូមិ ក្នុងនោះ​ឃុំ​ថ្មី​មាន​ចំនួន ៦​ភូមិ គឺ​ភូមិ​ត្រ​សេក​កោង ភូមិ​ត្រពាំង​ច្រាប ភូមិ​ថ្មី ភូមិ​វត្ត​ពោធិ៍ ភូមិ​ដូន​ស៊យ និង​ភូមិ​គោ​ចិន​លែង ចំណែកឯ​ឃុំ​ព្រៃ​ថ្នង​មាន​ចំនួន ៥​ភូមិ គឺ​ភូមិ​ចក្រី​ទីង ភូមិ​ព្រៃ​ថ្នង ភូមិ​ទ្វារ​ថ្មី ភូមិ​ដំណាក់​ហ្លួង និង​ភូមិ​ច្បារអំពៅ ដែល​ឃុំ​ទាំងពីរ​ខាងលើនេះ​មាន​ផ្ទៃដី​សរុប​ចំនួន ១២,០៨១​ហិកតា មាន​ក្បាលដី​សរុប​ប្រមាណ ២០,៨៤៦​ក្បាលដី ស្មើនឹង ១០,២១២​គ្រួសារ ហើយ​ក្រុមការងារ​របស់​មន្ទីរ​នឹងធ្វើ​ការចុះវាស់វែង​ប្រមូល​ទិន្នន័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ប្រកាស​តំបន់​វិនិច្ឆ័យ​នេះ​តទៅ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា