ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកភូមិ​ចំណុះជើងវត្ត​អា​ធ្វា​រៀបចំ​ពិធីបុណ្យ​ឆាន់​ដា និង​ពិសាខបូជា នៅ​ទួល​តា​មឿង តាម​ទំនៀម​បុរាណ​

​រយៈពេល​៣​ថ្ងៃ ២​យប់ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ អ្នកភូមិ​ជើងវត្ត​អា​ធ្វា រៀបចំ​ពិធីបុណ្យ​ឆាន់​ដា និង​ពិសាខបូជា នៅ​ទួល​តា​មឿង តាម​ទំនៀម​បុរាណ​ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង ក្នុង​គោលបំណង​ឧទ្ទិស​កុសល់​ដល់​បុព្វការី​ជន​ទាំង​៧​សន្តាន ផ្តាច់​កម្ម​ផ្តាច់​ពៀរ​សុំ​សេចក្តីសុខ​ដោយ​ប្រារព្ធ​ភ្ជាប់​នូវ​ពិធីបុណ្យ​ពិសាខបូជា​ផង​។​

​លោក​ព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ​៧៧​ឆ្នាំ រៀបរាប់​ឱ្យដឹងថា វិធី​បុណ្យ​នេះ​បាន​បន្ត​ធ្វើឡើង​តាម​ទំនៀមទម្លាប់​បុរាណ​រៀងមក ដោយ​ធ្វើឡើង​នៅ​ទួល​តា​មឿង និង​កំណត់​យក​ថ្ងៃ​ពេញ​បូរ​ណ៌​មី ខែ​ពិសាខបូជា​មាន​ចំនួន​៣​ថ្ងៃ ២​យប់​។ លោក​បាន​បន្តថា កិច្ច​ពិធី​មាននៅ​ក្នុង​ថ្ងៃទី​១ គឺ​ឡើងរោង រៀបចំ​គ្រឿង​រណ្តាប់ គ្រឿង​សក្ការបូជា​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​។ នាពេល​រសៀល​ធ្វើ​កិច្ច​ពិធីបួងសួង បើកព្រះនេត្រ​ព្រះ និង​ចម្រើន​ព្រះ​បរិត្ត​។ ថ្ងៃទី​២ ព្រឹក​ឡើង​រៀបចំ​ពិធី​ឆ្លង រួមមាន​ឆ្លង​ព្រះ ឆ្លង​ភ្នំខ្សាច់ និង​ទេសនា​អា​និ​សង្ឃ​ភ្នំខ្សាច់​។

​លុះ​ល្ងាច​ឡើង​រៀបចំ​សូត្រមន្ត ឆាន់​ដា​ទក្ខិណានុប្បទាន​ជូន​ដល់​ដូនតា ដែល​អនិច្ចកម្ម​ទៅ​។ មិនថាតែ​ញាតិ ឬ​អ​ញាតិ​ដែល​អនិច្ចកម្ម​ទាំង​ប៉ុន្មាន ដូចជា​អ្នក​បាន​តស៊ូ​ក្នុង​កិច្ចការពារ​ប្រទេសជាតិ​ក៏​មក​ទទួល​អនុមោទនា​បាន​ដូចគ្នា​។​ថ្ងៃទី​៣​ព្រឹក​ឡើង​ឆាន់​ដា​ឆ្លង​ផ្សឹក​ភ្នំខ្សាច់​និង​រាប់បាត្រ​ជា​កិ​ច្ចនៃ​ការ​បង្ហើយ​បុណ្យ​។​

​ក្នុង​កម្ម​ពិធី​នេះ មាន​ភាព​អធិកអធម​ក្រៃលែង​។ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ចាស់​-​ក្មេង ចំណុះជើងវត្ត​អា​ធ្វា រួមមាន ភូមិ​ក្រសាំង​រលើង ភូមិ​ទ្រាក ភូមិ​ដូន​វង ភូមិធំ ភូមិក​ក្រាញ់ ភូមិ​ស្ពាន​ជ្រាវ មក​រៀបចំ​ធ្វើ​រោងបុណ្យ រៀបចំ​គ្រឿង​សក្ការបូជា ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ម្ហូបអាហារ​សម្រាប់​ទទួលភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​និង​ធ្វើ​កិច្ច​នៅក្នុង​ពិធី​តាម​សទ្ធា​ជ្រះថ្លា​យ៉ាងច្រើន​កុះករ​ដែលជា​ទំនៀម​របស់​អ្នកភូមិ​ចំណុះ​វត្ត​អធ្វា​តែងតែ​មូលមាត់គ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន​ឡើយ​៕
​អត្ថបទ និង​រូបភាព​: លោក យី សុថា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា