ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បទវិភាគ៖ការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេសរបស់ប្រទេសចិននឹងបញ្ចេញភាគលាភកាន់តែច្រើនឡើងៗទៅកាន់ពិភពលោក

“ចំណុចសំខាន់មួយនៃកិច្ចប្រជុំលើកនេះគឺពង្រីកការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន និងជំរុញការអភិវឌ្ឍជាសាកល” ទាក់ទិននឹងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាសែត《Helsinki Times》របស់ប្រទេសហ្វាំងឡង់បានផ្តោតការយកចិត្តទុកដាក់ដល់ចំណុចនេះ។ ថ្ងៃទី២១ខែកក្កដា  《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀត》ដែលត្រូវពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះបានចេញផ្សាយទាំងស្រុង  ក្នុងនោះ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការបើកចំហចំពោះបរទេស ដោយលើកឡើងថា      ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះបរទេស  ប្រកាន់ខ្ជាប់នូវការជំរុញកំណែទម្រង់តាមរយៈការបើកចំហរ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។

ការបើកចំហគឺជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ  ការបើកចំហរបស់ប្រទេសចិនទទួលបាននូវសមិទ្ធផលកាន់តែច្រើនឡើង។ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញសកលក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា  ការវិនិយោគចំពោះបរទេសបានឈរនៅលំដាប់៣លេខខាងមុខលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ហើយលំហូរមូលធនបានគ្របដណ្តប់ប្រទេសនិងតំបន់ចំនួន១៥៥  ការរួមបញ្ចូលគ្នារវាងចិននិងពិភពលោកមានកម្រិតយ៉ាងស៊ីជម្រៅដែលមិនធ្លាប់មានកាលពីមុន។

ពេលបច្ចុប្បន្ននេះ  បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំកំពុងពន្លឿនទៅមុខ   ឯកតោភាគីនិយមនិងការពារនិយមកំពុងងើបឡើងវិញ ហើយការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងជួបប្រទះចរន្តបញ្ច្រាស  ការបើកចំហរឹតតែក្លាយជា”ទំនិញកម្រ”ថែមទៀត។ ប្រឈមមុខនឹងបញ្ហាពិបាកនៃការអភិវឌ្ឍរួមគ្នារបស់មនុស្សជាតិ និងបដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី   ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការជំរុញការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស  មិនត្រឹមតែបានមកពីការអនុវត្តដោយជោគជ័យនៃការជំរុញកំណែទម្រង់និងអភិវឌ្ឍន៍តាមរយៈការបើកចំហប៉ុណ្ណោះទេ  ថែមទាំងក៏ជាទង្វើដ៏ចាំបាច់នៃការចាប់ជាប់ក្បួនច្បាប់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្របទៅតាមចរន្តយុគសម័យទៀតផង  ហើយវាកាន់តែបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវក្នុងការចែករំលែកឱកាសជាមួយពិភពលោក។

អ្វីដែលប្រទេសចិនបានចែករំលែកជាមួយពិភពលោក ជាបឋមគឺជាទីផ្សារទ្រង់ទ្រាយធំ។ កិច្ចប្រជុំពេញអង្គបានលើកឡើងថា ត្រូវពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំ  ដើម្បីលើកកម្ពស់សមត្ថភាពបើកចំហក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថា  ប្រទេសចិនកំពុងខិតខំប្រឹងប្រែងបើកចំហឱ្យកាន់តែទូលំទូលាយ និងធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយទៅជាទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក។នេះបានធ្វើឱ្យសហគ្រាសពហុជាតិជាច្រើនពោរពេញទៅដោយការរំពឹងទុក។

អ្វីសំខាន់ជាងនេះទៅទៀត   គឺក្បួនច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងតភ្ជាប់ជាមួយអន្តរជាតិជាបណ្តើរៗ  ដើម្បីសម្របទៅនឹងលក្ខខណ្ឌនៃការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហដែលប្រកបដោយកម្រិតកាន់តែខ្ពស់។មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះមានន័យថា  ថ្លៃដើមនៃអាជីវកម្មលក្ខណៈជាប្រព័ន្ធនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត  ពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិនឹងមានភាពកាន់តែសេរីនិងងាយស្រួល  ប្រទេសចិននឹងរួមបញ្ចូលក្នុងសេដ្ឋកិច្ចអន្តរជាតិដោយកាន់តែសកម្ម ដែលធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយជាឱកាសដ៏ធំមួយរបស់ពិភពលោក។

ការពង្រីកការបើកចំហចំពោះបរទេស   មិនត្រឹមតែ“អញ្ជើញឱ្យគេចូលមក”តែប៉ុណ្ណោះទេ  ថែមទាំងក៏ត្រូវ“ដើរចេញទៅក្រៅ” ផងដែរ។ សព្វថ្ងៃនេះ “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិនដែលមានរថយន្តដើរដោយថាមពលថ្មី  ថ្មលីចូមនិងផលិតផលប្រព័ន្ធPVជាតំណាងទទួលបានការពេញនិយមនៅក្នុងទីផ្សារបរទេស  ដែលបង្កើនការផ្គត់ផ្គង់ដ៏មានគុណភាពខ្ពស់ដល់ពិភពលោក ហើយក៏ជំរុញការធ្វើបរិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ រីឯគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលបំផុសឡើងដោយប្រទេសចិន  បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍពិភពលោក និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់គ្រប់បណ្តាប្រទេសទាំងអស់។

យើងអាចព្យាករណ៍ថា   ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការបើកចំហប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស និងបញ្ចេញភាគលាភបើកចំហកាន់តែច្រើនឡើងៗទៅកាន់ពិភពលោក៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា