បេក្ខជន​ជាង​៧០០​អង្គ​/​នាក់ ចូលរួម​ប្រឡង​សរសេរ​តាម​អាន «​សំណេរ​អង្គរ​» លើកទីមួយ​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​ជា​អធិបតីភាព កម្មវិធី​ប្រឡង​សរសេរ​តាម​អាន «​សំណេរ​អង្គរ​» លើកទីមួយ នៅលើ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៤ ដែលមាន​បេក្ខជន​ចូលរួម​ជាង​៧០០ អង្គ​/​នាក់​។ ពិធី​ខាងលើ​នេះដែរ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បាន​អាន​អត្ថបទ​ប្រឡង​ទៅកាន់​បេក្ខជន​ក្នុង​រយៈពេល​មួយ​ម៉ោង ដែល​អត្ថបទ​ទាក់ទង​នឹង​រមណីយដ្ឋាន​អង្គរ ជាការ​រៀបចំ​សម្រិតសម្រាំង​ទុក​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ចំណងជើង​ថា «​អង្គរ អាណាចក្រ​នៃ​អរិយធម៌​ខ្មែរ​»​។​

​សូមបញ្ជាក់ថា កម្មវិធី​សំណេរ​អង្គរ ជា​កម្មវិធី​ថ្មី​ដែល​បង្កើតឡើង​ក្នុង​បំណង​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ តាមរយៈ​ការប្រឡងប្រជែង​សរសេរ​តាម​អាន​។ កម្មវិធី​នេះ​ក៏​អាច​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ជាប្រចាំ​ឆ្នាំ​ផងដែរ​នាពេល​អនាគត​៕
​អត្ថបទ​៖ នាង សំណាង​
​រូបភាព​៖ ហាប់ គឹម​អាន​, ភោគ ជា និង យី សុថា​

Related posts