ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ប្តេជ្ញា​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​

​នា​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​នៅ​សាធារណរដ្ឋ​បារាំង និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វី​ស​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​បញ្ជាក់ជូន​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​
​កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា លើ​គ្រប់​វិស័យ បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​ការពារជាតិ​។

​ជាការ​ឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត និង​សហការី ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​ជំនួយ​របស់​អូស្ត្រាលី​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពី​ដំណើរការ​នៃ​ការស្វែងរក​នូវ​សុខសន្តិភាព​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ ទន្ទឹមនឹងនេះ សម្ដេច​ធិបតី ក៏បាន​បញ្ជាក់ជូន ឯកឧត្តម​អគ្គរដ្ឋទូត អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ភាព​ទាក់ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​
​វិនិយោគិន និង​ធុរជន ដែល​ធានាបាន​នូវ​ភាព​អាច​ព្យាករណ៍​បាន និង​ភាពប្រាកដនិយម​ចំពោះ​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអនុគ្រោះ នៅ​កម្ពុជា​។ មុននឹង​បញ្ចប់ សម្តេច​ធិបតី និង ឯកឧត្តម​អគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​លើ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ជា​ផលប្រយោជន៍​រួម រវាង​កម្ពុជា​-​អូស្ត្រាលី ដែល​ទាំង​កម្ពុជា និង អូ​ស្រា្ត​លី អាច​នឹង​បង្កើន និង​ពង្រឹង​នូវ​តួនាទី​របស់ខ្លួន នៅក្នុង​វេទិកា​តំបន់ និង​សកល ផងដែរ​៕

Related posts