ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​រំពឹងថា​នឹង​បង្កើត​ការងារ​បន្ថែម​២២​ម៉ឺន​នាក់​ឆ្នាំ​២០២៤ និង​ជាង​១០​លាន​នាក់​នៅ​ឆ្នាំ​២០២៦

​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​៦,៦% ដែល​នឹង​ជួយ​ជំរុញ​ដល់​ការបង្កើត​ការងារ​បន្ថែម​ប្រមាណ​២២​ម៉ឺន​នាក់ ឬ​កើនឡើង​២,៣% នៅក្នុង​ឆ្នាំ​២០២៤​។

​ដោយឡែក​ចន្លោះ​ឆ្នាំ​២០២៤-២០២៦ កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​អាចបង្កើត​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២៣,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ កំណើន​ការងារ​ជា​មធ្យម​ប្រមាណ​២,៥% ក្នុង​មួយឆ្នាំ​នឹងធ្វើ​ឱ្យចំ​នួន​អ្នកមាន​ការងារ​សរុប​កើន​ឡើងដល់​ប្រមាណ​១០,២​លាន​នាក់​នៅ​ឆ្នាំ​២០២៦​។​

​សម្រាប់​ការងារ​ដែលមាន​កំណើន​ខ្ពស់​ស្ថិតក្នុង​អនុវិស័យ​៖ ការ​ស្នាក់នៅ​និង​ភោជនីយដ្ឋាន​, សំណង់​, ឧស្សាហកម្ម​ផ្សេងៗ​, លក់ដុំ​និង​រាយ​, កាត់ដេរ​, និង​ការដឹកជញ្ជូន និង​ទូរគមនាគមន៍​។​​ប្រភេទ​មុខរបរ​ដែលមាន​តម្រូវការ​ខ្ពស់ រួមមាន​៖ សិប្បករ ឬ​អ្នកជំនាញ​ធ្វើការ​ងារ​ដោយ​កម្លាំង​, អ្នកលក់​ឬ​បម្រើ​សេវាកម្ម​, និង​អ្នកបញ្ជា ឬ​ផ្គុំ​គ្រឿងចក្រ​ឬ​ឧបករណ៍​។

​ទន្ទឹមនឹងនេះ អ្នក​ដែល​គ្មាន ឬ​មានការ​អប់រំ​តិចតួច ឬ​មិនទាន់​បញ្ចប់​ថ្នាក់បឋមសិក្សា ត្រូវបាន​រំពឹងថា នឹង​ប្រឈម​ការបាត់បង់​ការងារ ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ជំនាញ​។ រីឯ​ការងារ​សម្រាប់​អ្នក​បញ្ចប់​មធ្យមសិក្សា​ប​ឋ​ម​ភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ខ្ពស់ ប៉ុន្តែ​តម្រូវឱ្យមាន​ការបណ្តុះបណ្តាល​បន្ថែម ដើម្បី​ផ្លាស់ប្តូរ​ជំនាញ ឬ​បង្កើន​ជំនាញ​ឱ្យស្រប​ទៅនឹង​វិស័យសេដ្ឋកិច្ច​ដែល​កំពុងមាន​ការរីក​ចម្រើន​។​

​ដោយឡែក ការងារ​សម្រាប់​អ្នក​ដែលមាន​សញ្ញាបត្រ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​១ ២ និង​៣ និង​សញ្ញាបត្រ​សម្រាប់​អ្នកមាន​សញ្ញាបត្រ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក៏​រំពឹងថា នឹង​កើនឡើង​ស្របទៅនឹង​ការវិវត្ត​នៃ​សេដ្ឋកិច្ច​។

​ទន្ទឹមនឹងនេះ ជំនាញ​ដែល​និយោជក​កំពុងមាន​តម្រូវការ​ខ្ពស់​រួមមាន​៖ ភាសា​អង់គ្លេស​, ជំនាញ​បច្ចេកទេស​, ជំនាញ​អនុវត្ត​ជាក់ស្តែង​, ការដោះស្រាយ​បញ្ហា​, ទំនាក់ទំនង​, ភាសា​ចិន​, ការ​សម្រប​ស​ម្រ​សួ​ល​, ការគ្រប់គ្រង​ពេលវេលា​, ការតាមដាន​ត្រួតពិនិត្យ​ប្រតិបត្តិ​ការងារ និង​ការសម្របសម្រួល​ជាមួយ​អតិថិជន​។

​នេះ​បើតាម​ការចុះផ្សាយ​នៅលើ​ព្រឹត្តិបត្រ​ណ័​ព័ត៌មាន​ទីផ្សារការងារ​ទស្សនវិស័យ​សេដ្ឋកិច្ច​ទីផ្សារការងារ​កម្ពុជា ដែល​ត្រូវ​បានរៀបចំ​និង​បោះពុម្ពផ្សាយ​ដោយ​ក្រសួង​ការងារ លេខ​១ ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ​។ ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារការងារ គឺជា​ឯកសារ​ឆ្លុះបញ្ចាំង​អំពី​ចរន្ត​សកល​និង​តំបន់ និង​បម្រែបម្រួល​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ដែល​នឹង​ជះឥទ្ធិពល​ដល់​តម្រូវកា​រ​ទីផ្សារការងារ និង​ជំនាញ​កម្ពុជា​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​។​

ព្រឹត្តិបត្រ​នេះ​នឹង​ផ្តល់ព័ត៌មាន​សំខាន់ៗ​បន្ថែមទៀត​ដល់​សិស្ស និស្សិត ដើម្បី​ស្វែងយល់​អំពី​ពិភព​ការងារ​នៅលើ​សកលលោក អាស៊ាន និង​កម្ពុជា និង​ត្រៀមខ្លួន​កាន់តែ​ល្អប្រសើរ​ក្នុងការ​ចាប់យក​ឱកាស​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា