ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ចាប់​ត្រី​ត្រៀម​ឡើង​មាឃ​តាម​ទំនៀម​បុរាណ​មិនដែល​ខកខាន​

​រមណីយដ្ឋាន​អង្គរ ប្រមូលផ្តុំ​ទៅដោយ​បេតិកភណ្ឌ​រស់ ដែល​សម្បូរ​ទាំង​មរតក​អរូបី និង​រូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ជាក់ស្តែង​ជា​រៀងរាល់ឆ្នាំ ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួចរាល់ ឱ្យតែ​មកដល់​ខែមាឃ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​មិនដែល​ខកខាន​ជា​លក្ខណៈ​សហគមន៍ គឺ​សម្រាប់តែ​សមាជិក​ក្នុងភូមិ​បង្កោង​តែប៉ុណ្ណោះ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ថ្ងៃ​បន្ទាប់ តាម​ទំនៀមទម្លាប់​ពី​បុរាណ​មក​។​

​ការចាប់​ត្រី​រួមគ្នា​ធ្វើឡើង​នៅ​ត្រពាំង​ធំ​មួយ​ដែលជា​ត្រពាំង​បុរាណ មានទឹក​ខួបប្រាំងខួបវស្សា អ្នកភូមិ​បាន​អភិរក្ស​ទុក ការពារ​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ចូលមក​នេសាទ​ផ្តេសផ្តាស់​ខុសពី​ខែមាឃ​នេះឡើយ លុះត្រាតែ​មានការ​សម្រេច​គ្នា​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជាមុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នកភូមិ​អាច​ទៅរក​ចាប់បាន​។ ប៉ុន្តែ​ត្រូវតែ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ រួមមាន​សំណាញ់ អង្រុត ឈ្នាង ជាដើម​។​

​លោក ពេជ្រ ឃិន មេភូមិ​បង្កោង​មានប្រសាសន៍ថា ត្រី​ដែល​ចាប់បាន​នោះ មួយផ្នែក​ទុក​រួម​សម្រាប់ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន មួយផ្នែក​ទៀត​ទុក​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក ម្ហូបអាហារ និង​ចង្ហាន់​ជាដើម សម្រាប់​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ធ្វើ​កិច្ច​ពិធី​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា​នៅ​សាលាឆាន់​ក្នុងភូមិ​តាម​ទំនៀម​បុរាណ​មិនដែល​ខកខាន​៕
​អត្ថបទ និង​រូបភាព​: យី សុថា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា