កីឡា ៖ អ្នកចាត់ការក្លិប Burnley លោក Vincent Kompany បានរិះគន់លើមន្ត្រីអាជ្ញាកណ្តាលក្នុងលីគអង់គ្លេស Premier League ថាបានដាំក្បាលចុះក្នុងរដូវកាលនេះ បន្ទាប់ពីមានការកាត់សេចក្តីដ៏ចម្រូងចម្រាស់មួយចំនួន។
ក្រុមរបស់លោក Kompany នៅសល់សមាជិកត្រឹម ១០នាក់ចាប់ពីចុងម៉ោងនៃវគ្គទី១ មកពេលប៉ះតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ ហើយអ្នកចាត់ការសញ្ជាតិបែលហ្សិករូបនេះ ក៏បានទទួលពិន័យកាតក្រហម ដោយសារការរតវ៉ានឹងការសម្រេចឱ្យទាត់បាល់ពិន័យ ។
លោក Kompany បានលើកឡើងថា«ខ្ញុំនឹងនៅតែនិយាយនូវអ្វីដែលខ្ញុំគិត។ ខ្ញុំមិនខ្មាស់អៀនពីការនិយាយនោះទេ។ ខ្ញុំបាននិយាយទៅកាន់មន្ត្រីថា អាជ្ញាកណ្តាល មិនទាន់ល្អគ្រប់គ្រាន់នៅឡើយនោះទេ ក្នុងរដូវកាលនេះ។ ខ្ញុំនិយាយរិះគន់នេះ ក្នុងន័យស្ថាបនា» ។
លោកបន្តថា «កាលពីឆ្នាំមុន ខ្ញុំបាននិយាយថា អាជ្ញាកណ្តាលនៅលីគអង់គ្លេសនេះ គឺធ្វើការសម្រេចចិត្តបានល្អបំផុត នៅលើពិភពលោក។ ខ្ញុំមានអារម្មណ៍ថា តែងតែមានសុភវិនិច្ឆ័យ ត្រូវបានអនុវត្ត។ ឆ្នាំនេះ ខ្ញុំមិនមានអារម្មណ៍បែបនោះទៀតទេ»៕