ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេដឹកនាំកូរ៉េខាងត្បូង កោះហៅមន្ត្រីសំខាន់ៗប្រជុំជាបន្ទាន់ ក្រោយលេចមុខទាហានកូរ៉េ​ខាង​ជើងក្នុងជួរមុខរុស្ស៊ី

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើង កំពុងបញ្ជូនកងទ័ពកងកម្លាំងពិសេសចំនួន ១,៥០០ ទៅកាន់តំបន់ចុងបូព៌ារុស្ស៊ីសម្រាប់ការហ្វឹកហ្វឺន និងការសម្របសម្រួលនៅមូលដ្ឋានយោធា ហើយទំនងជានឹងត្រូវដាក់ពង្រាយសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។

 សេវាចារកម្មជាតិរបស់កូរ៉េខាងត្បូង បានបន្ថែមថា ខ្លួនធ្វើការជាមួយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហើយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តសម្គាល់ផ្ទៃមុខ ដើម្បីកំណត់អត្តសញ្ញាណមន្ត្រីកូរ៉េខាងជើង នៅតំបន់ Donetsk ភាគខាងកើត ដែលគាំទ្រកងកម្លាំងរុស្ស៊ី បាញ់មីស៊ីលក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងារនេះ បានលើកឡើងថា កូរ៉េខាងជើង ដឹកជញ្ជូនកាំភ្លើងធំ កាំជ្រួចផ្លោង និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះទៅកាន់ប្រទេសរុស្ស៊ី ច្រើនជាង ១៣,០០០ តោន ចាប់តាំងពីខែសីហា ឆ្នាំមុន ដោយផ្អែកលើសំណល់នៃអាវុធដែលរកឃើញពីសមរភូមិនៅអ៊ុយក្រែន។

ទន្ទឹមនោះ ទីភ្នាក់ងារចារកម្ម បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចសហប្រតិបត្តិការយោធាដោយផ្ទាល់រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបរទេសឥឡូវនេះត្រូវបញ្ជាក់ជាផ្លូវការ ។

ជាមួយគ្នានោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានកោះហៅកិច្ចប្រជុំសន្តិសុខភ្លាមៗជាមួយមន្ត្រីចារកម្មសំខាន់ៗ យោធា និងសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីការចូលរួមរបស់ទាហានកូរ៉េខាងជើង នៅក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា