រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ UN-ESCAP បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​

នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ លោកជំទាវ​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃ​អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​អង្គការ UN-ESCAP និង​សហការី នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជណាចក្រ​កម្ពុជា​។​

​ក្នុងជំនួប​នេះ លោកជំទាវ​បណ្ឌិត អា​មី​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​លោកជំទាវ និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ជាមួយនឹង​អង្គការ UN-ESCAP ។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកជំទាវ​បណ្ឌិត ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ដោយ​សង្ខេប​នូវ​វិស័យ​អាទិភាព​ចំនួន ៤ ដែល​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ ដែល​រួមមាន ទី​១) ការផ្ដល់​កិច្ច​គាំពារ​ដល់​ប្រជាជន​ដោយ​ឈរលើ​គោលការណ៍ «​មិន​ទុក​នរណាម្នាក់​ចោល​» និង​កិច្ចការពារបរិស្ថាន​ដោយ​ផ្ដោត​ជា​អាទិភាព​លើ​ការប្រែប្រួល​អាកាសធាតុ​។ ទី ២) ការសម្របសម្រួល​នៅក្នុង​ការជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ការតភ្ជាប់​នៃ​វិស័យ​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការ UN-ESCAP ។ ទី​៣) ការកសាង និង​ពង្រឹងសមត្ថភាព​ឌីជីថល សម្រាប់​ប្រជាពលរដ្ឋ និង ទី​៤)​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​រួមចំណែក​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ។

​ជាការ​ឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ លោកជំទាវ​បណ្ឌិត និង​សារការី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជាថ្មី​ម្តងទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​ដល់​អង្គកា​រ UN-ESCAP ចំពោះ​ការចូលរួម​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​នាពេល​កន្លងមក​។ សម្ដេច​ធិបតី បាន​កោតសរសើរ និង​អរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​បស់​អង្គការ UN-ESCAP ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងជំនួប​នេះដែរ សម្តេច​ធិបតី ក៏បាន​ជម្រាបជូន​លោកជំទាវ​បណ្ឌិត​ថា អ្វីដែល​លោកជំទាវ​បានលើកឡើង​ខាងលើ មាន​ភាព​ប្រទាក់ក្រឡា និង​ស្របគ្នា​ជាមួយនឹង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាពិសេស ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្តល់​អាទិភាព​លើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការកសាង​ភាព​ធន់ និង​កំណើន​ចីរភាព សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដើម្បី​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

Related posts