ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន ដែលត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះដែលមានរយៈពេលជាងពីរឆ្នាំនេះ រួមទាំងប្រទេសរុស្សីផងដែរ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរដ្ឋចិន Xinhua នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន លោក ពូទីន បានសម្តែងការខកចិត្តចំពោះការខ្វះខាតការគាំទ្រពីលោកខាងលិចសម្រាប់គំនិតផ្តួចផ្តើមដែលមានបំណងផ្តល់និងការយកចិត្តទុកដាក់ស្មើៗគ្នាចំពោះការទាមទាររបស់ភាគីទាំងអស់។
លោកប្រធានាធិបតីរុស្ស៊ីបានសរសើរសំណើរបស់ចិនលើអ៊ុយក្រែនថា ជាជំហាន ដែលយើងនឹងអនុវត្តបាន និងការស្ថាបនា ឆ្ពោះទៅរកសន្តិភាព។ លោកក៏បានសង្កត់ធ្ងន់លើសក្តានុពលនៃផែនការរបស់ទីក្រុងប៉េកាំងក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណើរការសន្តិភាពនយោបាយ និងការទូត។
ប្រទេសចិនកាលពីឆ្នាំមុនបានចេញសេចក្តីថ្លែងការណ៍ ១២ ចំណុចដែលបង្ហាញពីសំណើសម្រាប់ការបញ្ចប់សង្គ្រាមដែលលោកខាងលិចបានច្រានចោល។ ប៉ុន្តែ ទាំងអ៊ុយក្រែន និងក្រុមបស្ចិមប្រទេសមិនគាំទ្រគំនិតផ្តួចផ្តើមទាំងនេះទេ ខណពួកគេលើលទ្បើងថា មិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមក្នុងកិច្ចសន្ទនាដោយស្មើភាព ស្មោះត្រង់ និងបើកចំហដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ពួកគេក៏មានការស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីមូលហេតុជាមូលដ្ឋានផងដែរ។
លោក ពូទីន បាននិយាយថា ឥស្សរជនលោកខាងលិចកំពុងធ្វើការដោយរឹងរូសដើម្បី ដាក់ទណ្ឌកម្មរុស្ស៊ី ជា ឯកតោភាគី និងធ្វើឱ្យចុះខ្សោយ នូវការផ្គត់ផ្គង់ដល់អាជ្ញាធរក្រុង Kyiv រួមមានលុយ និងអាវុធ និងការដាក់ទណ្ឌកម្មខុសច្បាប់ជាឯកតោភាគីប្រឆាំងនឹងរុស្ស៊ី។ លោក Putin បាននិយាយថា ដោយកត់សម្គាល់ថា ចំនួនវិធានការរឹតបន្តឹងប្រឆាំងនឹងរុស្ស៊ីមានលើសពី ១៦០០០ ឯណោះ ។
លោកថា ពួកគេកំពុងគម្រាមកាត់ផ្តាច់ប្រទេសរបស់យើង ហើយពួកគេក៏កំពុងព្យាយាមដោយខុសច្បាប់រឹបអូសនូវទ្រព្យសម្បត្តិបរទេសរបស់យើង។ ពួកគេកំពុងបិទភ្នែកមើលការកើតឡើងវិញនៃលទ្ធិណាហ្ស៊ី និងការវាយប្រហារភេរវករដែលឧបត្ថម្ភដោយអ៊ុយក្រែននៅក្នុងទឹកដីរបស់យើង។ លោកពូទីនបានអះអាងថា រុស្ស៊ីកំពុងស្វែងរក ដំណោះស្រាយដ៏ទូលំទូលាយ និរន្តរភាព និងយុត្តិធម៌នៃជម្លោះនេះ តាមរយៈមធ្យោបាយសន្តិភាព។
លោកបន្តថា យើងបើកចំហចំពោះការសន្ទនាស្តីពីអ៊ុយក្រែន ប៉ុន្តែការចរចាបែបនេះត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធក្នុងជម្លោះ រួមទាំងរុស្ស៊ីផងដែរ។ ពួកគេក៏ត្រូវតែចូលរួមការពិភាក្សាយ៉ាងសំខាន់ស្តីពីស្ថិរភាព និងសន្តិសុខពិភពលោកសម្រាប់ការធានាសម្រាប់គូប្រជែងរបស់រុស្ស៊ី ។
លោកបន្ថែមថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចា… ប៉ុន្តែជំនួសឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនោះ ភាគីអ៊ុយក្រែនបានប្រកាសភ្លាមៗបញ្ឈប់ការចរចា។ ក្រោយមក មន្ត្រីអ៊ុយក្រែនបាននិយាយថា មូលហេតុដែលពួកគេធ្វើដូច្នេះ ពីព្រោះតែសម្ព័ន្ធមិត្តលោកខាងលិចរបានផ្តល់អនុសាសន៍ឱ្យពួកគេបន្តសង្គ្រាមជាមួយរុស្ស៊ី ដោយលោកខាងលិចនឹងធានាជួយ។ ពួកគេសង្កត់ធ្ងន់ថា យើងមិនដែលបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយគំនិតប្រឆាំងរុស្ស៊ី ឬធ្វើឲ្យរុស្ស៊ីបរាជ័យនោះមិនមែនជាគំនិតពួកយើងទ្បើយ។
ចំពោះកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិនវិញ លោកពូទីនបាននិយាយថាទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយប្រធានាធិបតី Xi Jinping រួមចំណែកដល់ការអភិវឌ្ឍន៍ភាពជាដៃគូរវាងប្រទេសទាំងពីរ។ លោកថាពាណិជ្ជកម្មទ្វេភាគីមានការរីកចំរើន ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំណូល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងច្រើន។
លោកមានប្រសាសន៍ថា ផែនការសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងឧស្សាហកម្ម បច្ចេកវិទ្យា និងវប្បធម៌ គឺជាសញ្ញានៃអនាគតដ៏ជោគជ័យសម្រាប់ភាពជាដៃគូ។ នៅពេលដែលសក្ដានុពលពិភពលោកមានការវិវឌ្ឍ រុស្ស៊ី និងចិនបានរួបរួមគ្នាក្នុងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទៅវិញទៅមក តាមរយៈការចូលរួមការទូត ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងនៅក្នុងអង្គការអន្តរជាតិ និងសមាគមដូចជាប្លុកសេដ្ឋកិច្ច BRICS និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម៕