ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៥០​គ្រួរ​សារ បានទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ ឧសភា ឆ្នាំ​២០២៤ លោក វ៉ាន់ ហ៊ាង នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង​សហការី ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អនុសាខា​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ទៅ​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​៥០​គ្រួសារ រស់នៅក្នុង​ឃុំ​បឹង​កន្ទួត ១៥ គ្រួសារ ឃុំ​អូរសណ្ដាន់ ២០ គ្រួសារ និង ឃុំ​ស្នា​អ​ន្សា ១៥ គ្រួសារ​។

​នាឱកាស​នោះ លោក វ៉ាន់ ហ៊ាង នាយក​សាខា​បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​សាខា និង​ពី​សំណាក់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គ្រួសារ​រងគ្រោះ​ដោយ​ក្តី​នឹករឭក​បំផុត និង​ចូលរួម​សោកស្តាយ​ដែល​ធ្វើឱ្យ​ខូចខាត​ផ្ទះសំបែង របស់​បងប្អូន​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​សូមមេត្តា​ប្រុងប្រយ័ត្ន ផ្គរ​រន្ទះ និង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លាស់​ស្ទីក ប្រកាន់យក​នូវ អនាម័យ​ល្អ​៕

Related posts