កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទតាព្រហ្ម បាន​រកឃើញ​ថ្ម​ជា​បន្តបន្ទាប់ និង កំណត់​អត្តសញ្ញាណ​ស្ថានភាព​គ្រឹះ​ខាងក្រោម​របស់​ខ្លោងទ្វារ​

​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​ASI របស់​ឥណ្ឌា កំពុង​ធ្វើ​កំណាយ​ជួសជុល​ឡើងវិញ​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម ដែល​បាន​រង​ការខូចខាត​ទ្រុឌទ្រោម​ខ្លាំង ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​ឱ្យមាន​រូបរាង​ឡើងវិញ​។

​លោកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា មុនពេល​ចាប់ផ្តើម​ការងារ​ជួសជុល ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា ( ASI )​ក៏បាន​សិក្សា ប្រមូល​ព័ត៌មាន មុន​និង​ឈានទៅដល់​ការរុះរើ​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​។ លោកស្រី​ថា នេះ​គឺជា​ដំណាក់កាល​នៃ​ការជួសជុល​ហើយ ដូច្នេះ​ក្រុមការងារ​បាន​រើ​ថ្ម​នៅ​ផ្ទៃ​ខាងលើ​ទាំងអស់ ដើម្បី​ចុះបញ្ជី​ថ្ម ត្រៀម​ជួសជុល​ពង្រឹង​ឡើងវិញ​។

​លោកស្រី​ថា ការងារ​កំណាយ​ស្រាវជ្រាវ មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖ ១. ស្វែងរក​ថ្ម​ដែល​បាន​បាត់បង់ ២.​សិក្សា​អំពី​ស្ថានភាព​គ្រឹះ​ខ្លោងទ្វារ ស្វែងរក​មូលហេតុ​ដែល​ធ្វើឱ្យ​ខ្លោងទ្វារ​បាក់​រលុះ​ទ្រុឌទ្រោម និង​៣. ដើម្បី​សិក្សា​អំពី​បច្ចេកទេស​នៃ​ការសាងសង់​របស់​ចាស់​បុរាណ ពី​រចនា​សម្ពន្ធ​គ្រឹះ​ខាងក្រោម​របស់​ខ្លោងទ្វារ​។​

​លោកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ​បន្តថា ការងារ​ធ្វើ​កំណាយ​ស្រាវជ្រាវ បានចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២៣ មកដល់​រយពេល​ជិត​ពីរ​ខែ​មកនេះ ក្រុមការងារ​ជីករណ្តៅ​បាន​ចំនួន​៥​នៅ​ជុំវិញ​ខឿន​របស់​ខ្លោងទ្វារ​។ ដោយបាន​ជីករណ្តៅ​ខ្លះ​មាន​ជម្រៅ​ចន្លោះ​ពី​៦០​ទៅ​៧០​សង់ទីម៉ែត្រ​ដើម្បី​ស្វែងរក​ថ្ម​។ លទ្ធផល​នៃ​កំណាយ​បាន​រកឃើញ​ថ្មបាយក្រៀម​ជិត​១០០​ដុំ​ហើយ​។ ប៉ុន្តែ​អ្នកជំនាញ​នៅ​មិនទាន់​សន្និដ្ឋាន​អំពី​ចំនួន​ថ្ម​ពិតប្រាកដ​បាន​នៅឡើយ ដោយ​ត្រូវ​រង់ចាំ​ការធ្វើ​កំណាយ​ឱ្យ​រួចរាល់​សិន ដោយ​គ្រោង​ចំណាយ​ពេលា​ប្រហែល​៣​ខែ​ទើប​ចប់​។

​មួយវិញទៀត​បានកំណត់​អត្តសញ្ញាណ​ស្ថានភាព​គ្រឹះ​ខាងក្រោម​របស់​ខ្លោងទ្វារ ដែលមាន​សភាព​ស្រុត​ខ្លាំង ដោយសារ​ដី​ធូរ មិន​ហាប់​រឹងមាំ ដូច​នៅ​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម និង​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទបន្ទាយក្តី​ឡើយនិង​បញ្ហា​ឬ​ស​ឈើ​ចាក់​ចូលទៅ​កាន់តែ​ជ្រៅ​ទៅក្នុង​គ្រឹះ​ខាងក្រោម​នៃ​ខ្លោងទ្វារ​។ អ្នកជំនាញ​មាន​ក្តី​ស​ង្ឈឹ​ម​ថា នឹង​អាច​រកឃើញ​ថ្មី​បន្ថែមទៀត​នៅពេល​ធ្វើ​កំណាយ​រួចរាល់ ដើម្បី​យក​ថ្ម​ទាំងនោះ​មកប្រើប្រាស់​គ្រប់​ចំនួន ក្នុង​ការងារ​ជួសជុល​ពង្រឹង​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​នេះ​៕
​អត្ថបទ​៖ នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​
​រូបភាព​៖ លោកស្រី នេ​ត ស៊ី​មន និង​លោក ហាប់ គឹម​អាន​

Related posts