ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​បង់​លេខ​ថ្ម ដែល​រាយប៉ាយ​នៅ​កំពែង​ខាងក្រៅ​របស់​ប្រាសាទអង្គរវត្ត​

​ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ចុះ​លេខ​បញ្ជី​ថ្ម ចំនួន​១៦៥៦​ដុំ ដែល​កំពុងតែ​នៅ​រាយប៉ាយ​ជាប់​កំពែង​ខាងក្រៅ​ផ្នែក​ខាងត្បូង និង​ខាងជើង នៃ​ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទអង្គរវត្ត ដើម្បី​ឱ្យដឹង​ច្បាស់​ពី​ទីតាំង និង​ប្រភព​របស់​វា​ថា ជា​ថ្ម​ដំបូល​? ឬក៏​ជា​ថ្ម​តួ​ប៉ម​ណាមួយ​ឱ្យ​ប្រាកដ​។

​បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អន សុភាព ឱ្យដឹងថា តាម​ការសង្កេតឃើញថា ថ្ម​មួយចំនួន​ប្រហែលជា​រចនា​សម្ពន្ធ​របស់​តួ​ប៉ម​ទាំង​៣ នៃ​ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទអង្គរវត្ត​។ មួយចំនួន​អាចជា​កំពូល​ខាងលើ ដោយសារ​តែមាន​រាង​រង្វង់​មូល​ជា​ត្របកឈូក ក្រៅពីនោះ បំណែក​មួយចំនួនទៀត​អាចជា ដំបូល​របស់​រោងទង ជា​ខឿន​ក្រោម ព្រមទាំង​បំណែក​រូបចម្លាក់ ដូចជា តោ ប្រអប់ជើង និង​ជើង​ទម្រ​ជាដើម​។​ល​។ ជំនាន់​បារាំង​ធ្លាប់បាន​យកមក​រក្សាទុក ក្រុមការងារ​បាន​ថតរូប​ដោយ​ដ្រូ​ន​ពីលើ ចាប់ផ្ដើម​បង់​លេខ​សម្គាល់​ទីតាំង និង​ជា​ឯកសារ​ស្ថានភាព​របស់​ថ្ម​។​

​បុរាណ​វិទូ ឱ្យដឹងទៀតថា បន្ទាប់ពី​ចុះ​លេខ​ចប់ ក្រុមការងារ​នឹង​សាកល្បង​ផ្គុំ​ថ្ម​ទាំងនោះ ដើម្បី​រក​ទីតាំង​ដើម និង​ប្រភព​របស់​វា​។ បើទោះបីជា​យ៉ាងណា​ការ​រើ​ថ្ម​នេះ មាន​ភាពស្មុគស្មាញ​ខ្លះៗ ពីព្រោះ​វារ​លំ​គរ​ចម្រុះ​គ្នាច្រើន​ទីតាំង ចំណែកឯ​ថ្ម​ខ្លះទៀត ធ្លាប់បាន​គេ​ចល័ត​ចេញពី​កន្លែង​ដើម​ម្តង​ហើយ ដែល​ធ្វើឱ្យមាន​ការលំបាក​ស្វែងរក​ទីតាំង​និង​ប្រភពដើម​៕
​អត្ថបទ​៖ ឆាយ ផាន់​នី​
​រូបភាព​៖ លោក ភោគ ជា​/​យី សុថា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា