​ភ្ញាក់ផ្អើល​ខណដែល​អ៊ីរ៉ង់​ចេញមុខ​គំរាម​អ៊ីស្រាអែល​ថា អាច​នឹង​រលាយ​បើ​ហ៊ាន​វាយ​លី​បង់​

អ៊ីរ៉ង់​បានចេញ​មុខ​គំរាមថា អ៊ីស្រាអែល​ប្រឈមមុខ​នឹង​សង្គ្រាម​មហន្តរាយ​រលាយ​ប្រទេស​ខ្លួនឯង ប្រសិនបើ​ប្រើ​កម្លាំង​ចូល​ឈ្លានពាន​លី​បង់​។ អ៊ីរ៉ង់​បាន​ព្រមាន​បែប​នោះ បន្ទាប់ពី​មានការ​បាញ់​ឆ្លង​ព្រំដែន​កាន់តែខ្លាំង​រវាង IDF និង​ក្រុម​ប្រដាប់អាវុធ​លី​បង់ Hezbollah​។​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ថ្លែង​កាលពី​ដើមខែ​នេះ​ថា អ៊ីស្រាអែល​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ប្រតិបត្តិ​ទ្រង់ទ្រាយ​ធំ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​លី​បង់​។

នៅក្នុង​ការ​បង្ហោះ​នៅលើ X (​អតីត Twitter) កាលពី​ថ្ងៃ​សុក្រ បេសកកម្ម​របស់​អ៊ីរ៉ង់​នៅ​អង្គការសហប្រជាជាតិ​បានចាត់ទុក​ការត្រៀម​លក្ខណៈ​ជាក់ស្តែង​របស់​អ៊ីស្រាអែល​ថា វា​គ្រាន់តែ​ជា សង្គ្រាម​ផ្លូវចិត្ត និង​ការឃោសនា​។ ប៉ុន្តែ​បាន​ព្រមាន​ថា សង្គ្រាម​នឹង​កើតឡើង ប្រសិនបើ​អ៊ីស្រាអែល​ធ្វើការ​វាយប្រហារ​យ៉ាង​ពេញទំហឹង​លើទឹក​ដី​លី​បង់ ហើយ​ប្រាកដ​ណាស់​អ៊ីស្រាអែល​នឹង​រលាយ​។​

បេសកកម្ម​អ៊ីរ៉ង់​បាន​និយាយថា ជម្រើស​ទាំងអស់ រួមទាំង​ការចូលរួម​ពេញលេញ​នៃ​រណសិរ្ស​តស៊ូ​ទាំងអស់ គឺ​ស្ថិតនៅលើ​តុ​នៃ​សង្គ្រាម​នោះ ហើយនឹង​រួមគ្នា​វាយបក​ទៅ​អ៊ីស្រាអែល​។ លោក​ថា ដូច​បានបញ្ជាក់​ពីមុន​ហើយ​ថា ហេស​បូ​ឡា មាន​សមត្ថភាព​ការពារ​ខ្លួន រួម​នឹង​លី​បង់​ផងដែរ ហើយនឹង​កម្ចាត់​កងក​ម្លាំ​ង​ការពារ​អ៊ីស្រាអែល​មិន​ឲ្យ​ងើបមុខ​រួច​។​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ អ៊ីស្រាអែល​បាន​វាយប្រហារ​ទីតាំង​ជាច្រើន​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់​តាម​បណ្តោយ​ព្រុំដែន​។ កងកម្លាំង​អ៊ីស្រាអែល IDF បាន​និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​កន្លងទៅ យន្តហោះ​ចម្បាំង​បាន​វាយប្រហារ​គោលដៅ Hezbollah ជាច្រើន រួមទាំង​ទីតាំង​យោធា​សម្រាប់​អង្គការ​នៅក្នុង​តំបន់ Zabqin ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រតិបត្តិការ​ពីរ​នៅក្នុង​តំបន់ Khiam និង​អគារ Hezbollah នៅក្នុង​តំបន់ al-Adissa​។​

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant បាន​ព្រមាន​កាលពីដើម​សប្តាហ៍​នេះ​ថា ខណៈពេលដែល​អ៊ីស្រាអែល​មិន​ស្វែងរក​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន​នោះ យើង​ក៏​កំពុង​រៀបចំ​សម្រាប់​គ្រប់​សេណា​រី​យ៉ូ​នៃ​ស​ង្គា​ម ហើយ​អាចយ​កលី​បង់​ត្រឡប់​ទៅ​យុគសម័យ​ថ្ម​វិញ​។ ប៉ុន្តែ​ប្រធាន​ក្រុម Hezbollah លោក Hassan Nasrallah បាន​ឆ្លើយតប​ដោយ​និយាយថា សង្គ្រាម​ដ៏​មាន​សក្ដានុពល​នឹង​កើតមាន ដោយ​គ្មាន​ការអត់ធ្មត់ និង​គ្មាន​ពិ​ដាន​ឡើយ​។​

អំពើ​ហឹ​ង្សា​ដែល​បន្ត​កើត​មានបាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ជាថ្មី​ក្នុងចំណោម​អ្នកនយោបាយ​លោកខាងលិច និង​ក្រុម​សង្គ្រោះ ដោយ​ប្រធាន​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ Martin Griffiths បាន​ព្រមាន​ថា អនាគត​នៃ​ការផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​លី​បង់​គឺមាន​ច្រើន​៕

Related posts