កម្ពស់ទឹកទន្លេស្រែពក ១០,៨០ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្ន១២,៥០ម៉ែត្រ 

ខេត្តរតនគិរី៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកលំផាត់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា ស្ថានភាពកម្ពស់ទឹកទន្លេស្រែពក នៅស្ថានីយវាស់កម្ពស់ទឹកមុខវត្តលំផាត់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦និង០០នាទីព្រឹក ទឹកមានកម្ពស់១០,៨០ម៉ែត្រហើយ។

របាយការណ៍បានបញ្ជាក់ទៀតថា បើធៀបនិងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទីកណ្តាលអធ្រាត្រ ទឹកមានការស្រកចុះ ០,០៥ម៉ែត្រ ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១២,៥០ម៉ែត្រ។

អាជ្ញាធរស្រុកលំផាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទូកដើម្បីជម្លៀសពួកគាត់មកទីទួលសុវត្ថិភាព។ និងចាត់កងកម្លាំងនៅក្រោមឱវាទ ឲ្យមានការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដែលកើតឡើងដោយជាយថាហេតុ។

សម្រាប់ស្រុកលំផាត់ រដ្ឋបាលស្រុកបានត្រៀមទីតាំងទីទួលសុវត្ថិភាពរួចហើយ សម្រាប់ជួយប្រជាពលរដ្ឋ ចំពោះមធ្យោបាយជម្លៀសនោះ អាជ្ញាធរស្រុកក៏បានត្រៀមទូក, កាណូត, អូប័រ ដាក់នៅក្នុងទន្លេនិងដៃទន្លេរួចរាល់ហើយផងដែរ។ នេះជាការបង្ការទុកជាមុនសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាដែលកើតមានឡើងចំពោះទឹកជំនន់នោះ។

ចំពោះកងកម្លាំងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ គឺរដ្ឋបាលស្រុកបានរៀបចំចាត់ចែង ត្រៀមកម្លាំងគ្រប់សម្រាប់ជួយប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីកម្ពស់ទឹកឡើងដល់ ១០,៨០ម៉ែត្រហើយ អាជ្ញាធរស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងបានផ្សព្វផ្សាយជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋាន ទូទាំងស្រុកលំផាត់ ឲ្យត្រៀមលក្ខណៈ បង្ការសម្រាប់ជួយប្រជាពលរដ្ឋធ្វើយ៉ាងណា គឺមិនឲ្យប្រជាពលរដ្ឋណាដែលរងគ្រោះបាត់បង់អាយុជីវិត ដោយសារទឹកជំនន់នេះទេ៕

Related posts