ពលរដ្ឋជិត១រយគ្រួសារនៅស្រុកកូនមុំថាក្រុមហ៊ុនចម្ការចេក​វៀត​ណា​ម​កាយផ្ដាច់ផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរបាន

ខេត្តរតនគីរី÷ ប្រជាពលរដ្ឋប្រមាណជិត១រយគ្រួសារ រស់នៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំថា ត្រូវក្រុមហ៊ុនចម្ការ​ចេក​វៀត​ណាមកាយផ្ដាច់ផ្លូវនិងដុតស្ពានមិនឲ្យពួកគាត់បានធ្វើដំណើរចេញចូលទៅចម្ការស្រែនោះទេ។​

ការកាយផ្តាច់ផ្លូវពីសំណាក់ក្រុមហ៊ុនចម្ការចេកខាងលើធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ចិកាឆ្នាំ២០២៤។

លោក ផាត់ សាវុធ ប្រជាជនរស់នៅក្នុងភូមិឃុំខាងលើ បានឲ្យសារព័ត៌មានដឹងនៅថ្ងៃទី៧វិច្ឆិកានេះ ថា លោកមានដីស្រែតាំងពីមុនឆ្នាំ១៩៩៥ និងអ្នកភូមិខ្លះទៀតមានស្រែតាំងពីដូនតាគាត់មកម៉្លេះ។

មកដល់ឆ្នាំ២០១៥ ក្រុមហ៊ុនវៀតណាមមកវិនិយោគជាមួយរាជរដ្ឋាភិបាលដាំដំណាំដូងប្រេងបានមួយឆ្នាំ លុះដល់ឆ្នាំ២០១៦ក៏ឈូសចោលដុតចោល ដំណាំដូងប្រេងនោះ បែរមកដាំចេកវិញ រហូតមកដល់សព្វថ្ងៃ។

លោក សាវុធបន្តថា  ក្នុងឆ្នាំ២០២៣កន្លងផុតទៅ សុខៗក្រុមហ៊ុននេះ ដុតស្ពានមួយកន្លែងចោលបាត់ កាត់ផ្តាច់មិនឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវនោះរហូតមក ហើយមិនបញ្ជាក់ពីមូលហេតុជូនប្រជាជននោះឡើយ ស្រាប់តែមកដល់ឆ្នាំ២០២៤នេះពួកគាត់ក៏នាំគ្នាមកដើរផ្លូវនេះម្តង ស្រាប់តែសុខនៅថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២៤  នេះ ក្រុមហ៊ុនយកគ្រឿងចក្រម៉ាកអេស្កាវាទ័រមកកាយផ្តាច់ផ្លូវនេះទៀត។

តើហេតុអ្វីក្រុមហ៊ុននេះធ្វើទុក្ខបុកម្នេញមកលើប្រជាជនម្តងជាពីរដងបែបនេះ?។

លោកបន្តទៀតថា ប្រជាជនសរុប មានរហូតដល់ទៅ៩៧គ្រួសារ ដែលធ្វើដំណើរដើរចេញចូលផ្លូវមួយខ្សែក្រុមហ៊ុនកាយផ្តាច់នេះ  រួមមាន៖

ខាងស្រែតាយ៉ាយមានចំនួន៥០គ្រួសារ ខាងស្រែអូររ៉ាហាមានចំនួន៤៧គ្រួសារ។

មេឃុំសេរីមង្គល ភូមិស្រែពកធំ  លោក នូ មីងនៅថ្ងៃទី៧វិច្ចិកានេះ បានឲ្យសារព័ត៌មានយើងដឹងផងដែរថា ក្រុមហ៊ុនបានកាយផ្តាច់ផ្លូវប្រជាជនរបស់លោកអាស្រ័យផលនិងឆ្លងកាត់ទៅស្រែចម្ការជារៀងរាល់ឆ្នាំនោះលោកមិនទាន់ដឹងថា ផលប៉ះពាល់នោះមានចំនួនប៉ុន្មានគ្រួសារនោះទេ រីឯក្រុមហ៊ុនចម្ការចេកក៏ពុំបានផ្តល់ដំណឹងមកលោកមេឃុំដែរ។

បន្ទាប់ពីមានការប្រតិកម្មពីប្រជាជនដែលរងផលប៉ះពាល់ជិត១រយគ្រួសារនោះ គណ:បញ្ជាការឯកភាពស្រុកកូនមុំបានចេញបទបញ្ជាបេសកកម្មទៅអភិបាលរងស្រុកកូនមុំ១រូប គឺលោក ផន សុភាពដឹកនាំកម្លាំងចម្រុះចុះទៅត្រួតពិនិត្យចំណុចទីតាំងដែលក្រុមហ៊ុនគាស់កាយផ្តាច់ផ្លូវនោះ។

ជាលទ្ធផលការជាក់ស្តែងឃើញមានបីទីតាំងដែលក្រុមហ៊ុនបានកាត់ផ្តាច់

ទីតាំងទី១.នៅចំណុចទួលតាដែប(ទួលខ្មោច)មានការកាយផ្តាច់ផ្លូវចាស់ទំហំទទឹង១.២ម៉ែត្រxជម្រៅxប្រវែងប្រហែល៣២ម៉ែត្រ។

ទីតាំងទី២.ចំណុចអូរតាំងរាំងជីកកាយលូមុខកាត់ប្រហែល១.២ម៉ែត្រចំនួន៣កង់និងផ្តាច់ផ្លូវប្រហែល៧ម៉ែត្រ។

ទីតាំងទី៣. ចំណុចអូរតាំងរាំងក្រុមហ៊ុនបានដុតកំទេចស្ពានឈើ០១កន្លែងកាលពីឆ្នាំ២០២៣និងកាយផ្លូវចោលប្រវែងប្រហែលប្រវែងប្រហែល៤០០ម៉ែត្រ។ ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ទោះជាយ៉ាងណា ប្រជាជនជិត១រយគ្រួសាររស់នៅភូមិឃុំកើតហេតុខាងលើ តាមរយ:ថ្នាក់ដឹកនាំខេត្តរតនគិរី ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់អោយមន្ត្រីពាក់ព័ន្ធចុះដោះស្រាយការវិវាទរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ។

ដោយពួកគាត់ទទូចស្នើសុំឲ្យក្រុមហ៊ុនរៀបចំផ្លូវនោះឡើងវិញដើម្បីធ្វើដំណើរ​ ម​ក​កាន់ស្រុកកូនមុំដូចសព្វដង និងដឹកកសិផល មកកាន់ទីផ្សារនោះជាដើម៕

Related posts