ផ្សែងពុល បន្តគ្របដណ្ដប់ភាគខាងជើងប្រទេសឥណ្ឌា ជាពិសេសទីក្រុងដេលី កាន់តែធ្ងន់ធ្ងរ

អ្នកស្រុកនៅក្នុងរដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា កំពុងរស់នៅជាមួយផ្សែងពុលពីមួយថ្ងៃទៅមួយថ្ងៃ ខណស្រទាប់អ័ព្ទក្រាស់ បន្តគ្របដណ្តប់តំបន់ភាគច្រើន ហើយការបំពុលនៅក្នុងរដ្ឋធានីដេលី កាន់តែមានសភាពធ្ងន់ធ្ងរ។

 ប្រទេសឥណ្ឌា តែងតែប្រឈមនឹងការបំពុលខ្យល់រៀងរាល់រដូវរងា នៅពេលខ្យល់ខ្លាំង ធូលី ការបំភាយឧស្ម័ន និងផ្សែងពីភ្លើងឆេះកសិដ្ឋានដោយខុសច្បាប់នៅក្នុងរដ្ឋកសិកម្ម Punjab និង Haryana ។

សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិតកំពូល ៤៩១ នៅទីក្រុងដេលីកាលពីថ្ងៃចន្ទ ដោយបង្ខំឱ្យរដ្ឋាភិបាលណែនាំការរឹតបន្តឹងលើចលនាយានយន្ត និងសកម្មភាពសាងសង់ ហើយសាលារៀន ត្រូវបិទទ្វារ ។

ទន្ទឹមនោះ ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលឥណ្ឌា (CPCB) បានឲ្យដឹងថា កាលពីថ្ងៃអង្គារ សន្ទស្សន៍គុណភាពខ្យល់ (AQI) រយៈពេល ២៤ ម៉ោង នៅក្រុងដេលីគឺនៅកម្រិត ៤៨៨ លើមាត្រដ្ឋាន ៥០០ ហើយក្រុមប្រឹក្សានេះ បន្ថែមថា ហើយយ៉ាងហោចណាស់ស្ថានីយ៍ចំនួន ៥ នៅក្នុងរដ្ឋធានី រាយការណ៍ថា AQI ចំនួន ៥០០ ។

CPCB ដដែលបានកំណត់ការអាន AQI ពី 0-50 ថា ល្អ និងលើសពី ៤០១ គឺធ្ងន់ធ្ងរ ដែលលើកឡើងថាជាហានិភ័យចំពោះមនុស្សដែលមានសុខភាពល្អ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរអ្នកដែលមានជំងឺស្រាប់។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ថា វិធានការរឹតបន្តឹងមួយចំនួន កំពុងដាក់ចេញ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដល់ប្រជាជននៅក្នុងទីក្រុងដែលរងគ្រោះ ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឥណ្ឌា តែងតែជួបប្រទះនូវការបំពុលអាកាសដែលស្ថិតក្នុងកម្រិតមួយគ្រោះថ្នាក់បំផុត និងបណ្ដាលឲ្យមនុស្សមានជំងឺផ្សេងៗ ៕

ដោយ៖ ពេជ្រ

 

Related posts