អតីត​ប្រធានាធិបតី​រុស្ស៊ី ព្រមាន មនុស្សជាតិ​នឹង​ប្រឈម​ហានិភ័យ ប្រសិនបើ​លោកខាងលិច នៅតែ​ស្វែងរក​ការដាក់ទណ្ឌកម្ម​លើ​ក្រុង​មូ​ស្គូ​

មូ​ស្គូ​៖ អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បាន​និយាយថា ការប៉ុនប៉ង​របស់​ប​ស្ចិ​ម​លោក ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​មហាអំណាច​នុយក្លេអ៊ែរ ដូចជា​រុស្ស៊ី ក្រោយ​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន នឹង​បង្ក​ជា​គ្រោះថ្នាក់​ដល់​មនុស្សជាតិ​។​

ការឈ្លានពាន​របស់​រុស្ស៊ី នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ លើ​ទឹកដី​អ៊ុយ​ក្រែ​ន បាន​បង្កឱ្យមាន​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​មូ​ស្គូ និង​លោកខាងលិច ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយបា​ឆ្នាំ ១៩៦២ នៅពេលដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា​ពិភពលោក កំពុងស្ថិត​ក្នុង​បន្ទាត់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​

ទន្ទឹម​នោះ កន្លងមក ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ចោទ​លោក Vladimir Putin ថា​គឺជា​ឧក្រិដ្ឋជន​សង្គ្រាម ហើយ​លោក ក៏បាន​ដឹកនាំ​ប្រទេស​លោកខាងលិច ក្នុងការ​បំពាក់អាវុធ​ដល់​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រលើ​ប្រទេស​រុស្ស៊ី​។​

លោក Medvedev ដែល​ឥឡូវ​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី បាន​និយាយ នៅលើ Telegram កាលពី​ថ្ងៃ​ពុធ​ថា គំនិត​នៃ​ការដាក់ទណ្ឌកម្ម​ប្រទេស​ដែលមាន​សក្តានុពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​ដូច​តុ​ស្ស៊ី នេះ​គឺ​មិន​សម​ហេតុ​សម​ផល​នោះទេ​។​

គួរ​បញ្ជាក់ថា យោងតាម​សហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក បានឱ្យដឹងថា ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក គឺ​គ្រប់គ្រង​ប្រហែល ៩០ ភាគរយ​នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ពិភពលោក ជាមួយនឹង​ក្បាល​គ្រាប់​ប្រហែល ៤,០០០ គ្រាប់ នៅក្នុង​ឃ្លាំង​យោធា​របស់​ពួកគេ​៕

​រក្សា​សិទ្ធិ​ដោយ​៖ ភ្នំពេញ​ថ្មី​

Related posts