កីឡា ៖ Mohamed Salah បង្ខំចិត្តចាកចេញពីក្រុមជម្រើសជាតិអេហ្ស៊ីប ដើម្បីត្រឡប់ទៅកាន់ក្លិប Liverpool វិញ ក្នុងការព្យាបាលរបួសជើង ដែលបានប៉ះទង្គិចក្នុងព្រឹត្តិការណ៍ Africa Cup of Nations 2023 នៅប្រទេសកូដឌីវ័ ក្នុង ២ប្រកួតមកនេះ។
Salah បានរងរបួសជើង នៅអំឡុងពេលអេហ្ស៊ីបអតីតក្រុមជើងឯករង Afcon 2021 លេងស្មើគ្នា ២-២ ទល់នឹងហ្គាណានារាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B។ ពួកគេនឹងទៅវគ្គ ១៦ក្រុមនៃពាន Africa Cup of Nations 2023 ប្រសិនបើឈ្នះ Cape Verde នៅរាត្រីថ្ងៃចន្ទនេះ។
ទាក់ទងនឹងបញ្ហារបួសរបស់ Salah នេះដែរ លោក Jurgen Klopp គ្រូបង្វឹក Liverpool ក៏បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ដែរថា «វាជារឿងដ៏គួរព្រួយបារម្ភដែលទទួលបានដំណឹងថា Salah ត្រឡប់មកកាន់ក្លិបវិញនាពេលនេះ។ គាត់ធ្វើឱ្យពួក យើងភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងជាខ្លាំង ថាតើមានរបួសខ្លាំងប៉ុណ្ណា?»។
នៅចាំបានថា Salah ដែលជាប្រធានក្រុមផងនោះ បានជួយអេហ្ស៊ីបឈានទៅវគ្គផ្តាច់ព្រ័ត្រកាល Afcon 2021 បើទោះបីជាចាញ់ក្រុមសេណេហ្គាល់ក៏ដោយ ដែលមានអតីតមិត្តរួមក្រុមនៅ Liverpool ដូចគ្នាគឺ Sadio Mane៕