ប្រភព បានប្រាប់កាសែត Ukrainska Pravda ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មិនទាន់បណ្តេញអគ្គមេបញ្ជាការរបស់ប្រទេសលោក Valery Zaluzhny នៅឡើយនោះទេ ដោយបារម្ភពីការព្រមានបង្កភាពចលាចលពីសំណាក់សេវាសន្តិសុខអ៊ុយក្រែន (SBU) ។
កាសែតដដែល បានរាយការណ៍ កាលពីថ្ងៃពុធថា លោក Zelensky គ្រោងនឹងបណ្តេញលោក Zaluzhny ចេញពីតំណែង ហើយប្រកាសជាសាធារណៈនៅថ្ងៃសុក្រទី ២ ខែកុម្ភៈ នេះ ប៉ុន្តែត្រូវបានពន្យារពេល ក្រោយមានការផ្ដល់ដំបូន្មានពី SBU ។
យោងតាមប្រភពព័ត៌មាន បន្ថែមថា ទីភ្នាក់ងារ បានប្រាប់បុគ្គលិករបស់ខ្លួនឱ្យត្រៀមសម្រាប់កុបកម្មនៅក្នុងរដ្ឋធានីគៀវ ប្រសិនបើលោកឧត្តមសេនីយ ដែលនៅតែមានប្រជាប្រិយភាពទាំងសាធារណជន និងទាហានត្រូវបានបណ្ដេញចេញ។
ទន្ទឹមនោះ SBU ក៏បានទាក់ទងទៅមេបញ្ជាការយោធាមួយចំនួន ដោយសុំឱ្យពួកគេឃ្លាំមើលកងទ័ពរបស់ពួកគេ ហើយត្រូវប្រាកដថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេចាកចេញពីមុខតំណែងឡើយ។
របាយការណ៍នៃភាពតានតឹងរវាង លោក Zelensky និងលោក Zaluzhny ត្រូវបានផ្សព្វផ្សាយអស់ជាច្រើនខែ ដោយបរាជ័យនៃការវាយលុករបស់អ៊ុយក្រែន កាលពីឆ្នាំមុនត្រូវបានគេជឿថាធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ទៅៗ ៕