ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឆ្នាំ​២០២៣ កម្ពុ​ជាមាន​រោងចក្រ​ធុន​ធ្ងន់​បង្កើត​ថ្មី​ចំនួន ២៤១ និង​បិទទ្វារ​ចំនួន ៩៨

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៣ កន្លងទៅ នៅ​កម្ពុ​ជាមាន​រោងចក្រ​ធនុ​ធ្ងន់​បង្កើត​ថ្មី​ចំនួន ២៤១ និង​បិទទ្វារ​ចំនួន ៩៨ ពោលគឺ​កើន​ចំនួន ១៤៣ រោងចក្រ ធៀប​នឹង​ឆ្នាំ ២០២២ ដែល​ធ្វើ​ឲ្យ​ចំនួន​រោងចក្រ​ធន់​ធ្ងន់​ដែល​កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​មាន​ចំនួន ២.១២៥ រោងចក្រ​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ក៏បាន​បង្ហាញ​នូវ​របាយការណ៍ អំពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ការអនុវត្ត ផែនការ​យុទ្ធ សាស្ត្រ​ឆ្នាំ ២០២៤​។​

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន លើក ឡើង ថា​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវ បាន ចាត់ ទុក ជា កម្លាំង ចលករ មួយ​ក្នុងការ ជំរុញ ដល់ កំណើន សេដ្ឋ កិច្ច ដោយបាន​ដើរតួ នាទី យ៉ាង សំខាន់ នៅ ក្នុង ការ បង្កើត ការ ងារ និង​បង្កើន ប្រាក់ ចំណូល ជូន ប្រជា ជន កម្ពុជា ។ លោក​ថា វិស័យនេះ​បាន និង​កំពុងមាន​ការអភិវឌ្ឍ​ឈាន ទៅ មុខ ប្រកបដោយ​ថាមវន្ត មាន លក្ខណៈ ចម្រុះ​សម្បូរបែប ផ្តោតលើ​ទំនួល​ខុសត្រូវ​ខាង​បរិស្ថាន និង សង្គម ខ្ពស់ ហើយ​ពង្រីក​បាន​នូវ អន្តរ​កម្ម សេដ្ឋ កិច្ច រវាង​ផ្នែក​កែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយ វិស័យ កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ដើម្បី​ជំរុញ សមាហរណកម្ម​សេដ្ឋកិច្ច ខ្សែ​ច្រវាក់​តម្លៃ និង​ភាព​ប្រកួត ប្រជែង របស់ កម្ពុជា ទាំង​នៅក្នុង តំបន់ និង​នៅលើ ពិភព លោក​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា នៅ​ឆ្នាំ​២០២៣ មាន​រោងចក្រ​ធុន​ធ្ងន់​បង្កើត​ថ្មី​ចំនួន​២៤១ និង​បិទទ្វារ​ចំនួន​៩៨ ពោលគឺ​កើន ចំនួន ១៤៣ រោងចក្រ (៧,២១%) ធៀប​នឹង​ឆ្នាំ ២០២២ ដែល​ធ្វើឱ្យ​ចំនួន​រោងចក្រ​ធុន​ធ្ងន់​ដែល​កំពុង ដំណើរ ការ ទូទាំងប្រទេស​មាន​ចំនួន ២.១២៥ រោងចក្រ និង​ផ្តល់​ការងារ​ចំនួន ១.០៤០.៣៣៣ កន្លែង​។ ទុនវិនិយោគ​សរុប​ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន ១៨,៥៦ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១១,២៤% ធៀប​នឹង​ឆ្នាំ​២០២២​។ តម្លៃ​បរិមាណ​ផលិត​មាន​ចំនួន ១៦,៣៦ ពាន់​លាន​ដុល្លារ កើនឡើង ៥៣១ លាន ដុល្លារ (៣,៣៥%) បើ​ធៀប​នឹង​ឆ្នាំ​២០២២​។​

លោក ហែម វណ្ណឌី បាន​បន្តទៀត ថា​សម្រាប់​ឆ្នាំ​២០២៤ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​និន្នាការ​កើនឡើង ដោយ​រំពឹងថា​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦% ដែល​នឹង​គាំទ្រ​ដោយ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​រង្វង់ ៨.៥% ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ប្រមាណ ៧,៧% ដោយសារ​ការរំពឹងទុក​ការ​ងើប​ឡើងវិញ​នៃ​អនុ វិស័យ​កាត់ដេរ ស្រប​ពេលដែល​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​នៅ​បន្ត​រក្សាបាន​កំណើន​រឹងមាំ ដោយឡែក​អនុវិស័យ​សំណង់​នៅ​បន្ត​មាន​កំណើន​ទាប​។​

លោក​បន្ថែមថា ក្នុង​ការងារ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្រសួង​ឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេក វិទ្យា និង​នវានុវត្តន៍ បាន​សម្រប​សម្រួលការ​បង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី​ចំនួន ៥.៣២៨ និង បន្ត​អាជ្ញា​បណ្ណ​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៥.១៥៨ នៅ​ឆ្នាំ​២០២៣​។ កិច្ចខិតខំ​ប្រឹងប្រែង ទាំង នេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង ក្នុងការ​អភិវឌ្ឍ​សហគ្រិនភាព និង​ជំរុញ​បរិយាកាស អំណោយ ផល សម្រាប់​កំណើន​អាជីវកម្ម​។​

ចំណែក​ក្នុង​វិស័យ​ទឹកស្អាត ក្រសួង​បាន​បោះជំហាន​គួរឱ្យកត់សម្គាល់​ក្នុង​ការផលិត​ទឹកស្អាត​សម្រាប់ ទាំង​ការប្រើប្រាស់​តាម​លំនៅឋាន និង​តាម​រោងចក្រ​-​សហគ្រាស​នានា​។ ការផលិត និង​ការ​ផ្គត់ ផ្គង់​ទឹក ស្អាត នៅ​ទូទាំងប្រទេស​សម្រេចបាន​ជាង ៤៦១​លាន​ម៉ែត្រគូប កើនឡើង​ប្រមាណ​១៦%​។ នៅ​ដំណាច់ ឆ្នាំ ២០២៣ រដ្ឋាករទឹក​សាធារណៈ និង​ប្រតិបត្តិ​ករ​ឯកជន​បានធ្វើ​ការតភ្ជាប់​បណ្តាញ​ទឹកស្អាត សរុប ចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥% បើ​ធៀប​នឹង​មួយ​ឆ្នាំមុន ហើយ​ប្រវែង​បណ្តាញ ផ្គត់ផ្គង់ ទឹក ស្អាត​បាន​កើនឡើង ៣.០៦៧ គីឡូម៉ែត្រ (​ឬ ១១%) ដល់​៣០.៣៥១ គីឡូម៉ែត្រ​។ ប្រការ នេះ បាន ធ្វើ ឱ្យ​ភូមិ ចំនួន ៦.៥១៩ ក្នុង ចំណោម តំបន់ សេវា សរុប ១០.១៧៣ ភូមិ​ទទួល បាន ទឹក ស្អាត ប្រើប្រាស់​។​

លោក​រដ្ឋមន្ត្រី​នៅបាន​លើកទ្បើង​ថា នៅក្នុង​ឆ្នាំ​២០២៣ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ចំនួន ៥ ត្រូវបាន​បញ្ចប់​។ ក្នុងនោះ ២ គម្រោង​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស ជប៉ុន ដែល​ស្មើ​ប្រមាណ ៥០,៧០ លាន​ដុល្លា និង គម្រោង​ហិរញ្ញប្បទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា មាន​ចំនួន ៣ គម្រោង ស្មើ​ប្រមាណ ៤១៤,៩០ លាន ដុល្លា​។​

លោក​ថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ក្រសួង​បាន​ជំរុញ​យ៉ាងសកម្ម​នូវ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ គុណភាព​ជាតិ រួមទាំង​ស្តង់ដារ​កម្ពុជា ការងារ​មាត្រា​សាស្ត្រ និង​វាយតម្លៃ​ទទួលស្គាល់​។ នៅ​ឆ្នាំ ២០២៣ ក្រសួង​បាន​បង្កើត​ស្តង់ដារ​ថ្មី​ចំនួន ៣៦ តាមរយៈ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ដែលនាំឱ្យ​ចំនួន ស្តង់ ដារ​កម្ពុជា​សរុប​កើន​ដល់ ១.២១៦ ។ ស្តង់ដារ​ទាំងនេះ​ផ្តល់នូវ​លក្ខណៈ​បច្ចេកទេស​សម្រាប់ ផលិត ផល ដំណើរការ​ផលិតកម្ម និង​សេវាកម្ម និង​គាំទ្រ​ដល់​អាជីវកម្ម​ឱ្យ​រីកចម្រើន ជាពិសេស​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម កែលម្អ​គុណភាព​ផលិតផល ធានា​សុវត្ថិភាព​អ្នកប្រើប្រាស់ លើកកម្ពស់​សុខភាព សាធារណៈ និង​គាំទ្រ​ដល់​ការលើកកម្ពស់​ពាណិជ្ជកម្ម​ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់ និង​អន្តរជាតិ​។​

លើសពីនេះ ក្រសួង​បានផ្តល់​សេវា​មាត្រា​សាស្ត្រ​ចំនួន ៩៦៦ សេវា ដែល​គ្របដណ្តប់​លើ ឧបករណ៍ មាត្រា សាស្ត្រ និង​ទំនិញ​វេច​ខ្ចប់​ចំនួន ៣៩.
២៣៨​។ ស្ថាប័ន​វាយតម្លៃ​ទទួលស្គាល់​របស់ ក្រសួង ក៏បាន បន្ត ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​គាំទ្រ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​អន្តរជាតិ តាម រយៈ​ការកាត់បន្ថយ​ចំណាយ​អាជីវកម្ម កាត់បន្ថយ​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម និង​របាំង​អនាម័យ និង​ភូតគាម​អនាម័យ​ជាដើម​។​

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី ថែមទាំង​បាន​លើកទ្បើង​អំពី​វឌ្ឍនភាព​សំខាន់ៗ​ដែល​បានសម្រេច​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ផងដែរ​។ ជាក់ស្តែង ក្រសួង បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​ការផ្តល់សេវា សាធារណៈ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

លោក​ថា ជាមួយនឹង​ការបង្កើត​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​ឆ្នាំ​២០២០ ក្រសួង បាន​ជំរុញ​ការលើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រួល​ដល់​បរិវត្ត​កម្ម ឆ្ពោះទៅ រក ការធ្វើ​ពិពិត​កម្ម​សេដ្ឋកិច្ច ដែល​ទទួលបាន​សមិទ្ធ​ផល​ផ្សេងៗ រួមទាំង​ការបង្កើត​ផែនទី បង្ហាញផ្លូវ របៀប វារៈ​ស្រាវជ្រាវ​ជាតិ និង​គោលការណ៍​ណែនាំ​នានា រួម​ជាមួយនឹង​ការគ្រប់គ្រង និង ការ វាយ តម្លៃ លើ គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខា សាលា ជាច្រើន​ក្នុង​វិស័យនេះ​។​

លោក ហែម វណ្ណឌី បានលើកឡើង​ទៀត ថា បន្ថែម​លើ​អទិភាព​បច្ចុប្ប្ន​ន្ន​ក្នុងការ លើកកម្ពស់ វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​ឆ្នាំ ២០២៤ ក្រសួង​នឹង​ខិតខំ​រៀបចំ​ឱ្យបាន ជោគ ជ័យ នូវ ព្រឹត្តិ ការណ៍ ជាតិ​សំខាន់ៗ ដូច​ទិវា ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២ ដែល​ក្រោម ប្រធាន បទ «​សហគ្រាស​ធុន​តូច និង មធ្យម​ឆ្ពោះទៅ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» (SMEs go STI), កិច្ច ប្រជុំ​រដ្ឋមន្ត្រី អាស៊ាន​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២០, កិច្ចប្រជុំ​គណៈ​ក​ម្មា ធិ ការ អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​៨៥, និង​កិច្ចប្រជុំ ពាក់ព័ន្ធ ឱ្យទទួល​បាន ជោគជ័យ ដើម្បី​មោទនភាព ជាតិ និង​រួមចំណែក​សម្រេច​នូវ​អាទិភាព​គន្លឹះ នៃ យុទ្ធ សាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១៕


Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា