រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ និង​សារៈសំខាន់​នៃ​ការដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន ទាំង​នៅក្នុង​កំ​ឡុងចុង​នីតិកាល​ទី​៦ និង​ដើម​នីតិកាល​ទី​៧ នៃ​ឆ្នាំ​២០២៣ និង​ភាពចាំបាច់​នៃ​ការដាក់ចេញ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​សម្រាប់​ជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​ការងារ​ក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរួមចំណែក​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកទ្បើង​បែប​នោះ​ក្នុងឱកាស​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បញ្ជាក់ថា ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​កម្ពុជា បើក​ឱ្យ​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជា​ឆ្នាំ​ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដូចជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​១២​។

ក្នុង​ឆ្នាំ​ដ៏​មាន​សារសំខាន់​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​កត់សម្គាល់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ បាន​ដឹកនាំ បញ្ជា និង​សម្របសម្រួល​រៀបចំ​ចាត់ចែង​កិច្ចការ​នានា​យ៉ាងសកម្ម ធ្វើឱ្យ​ប្រព្រឹត្តិការណ៍​ទាំង​នោះបាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏បាន​គូស​បញ្ជាក់ដែរថា បើទោះបី​ស្ថិតក្រោម​ឥទ្ធិពល នៃ​ហេតុការណ៍​អសន្តិសុខ​ជាស​កល​យ៉ាងណាក្តី ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣​កន្លងទៅនេះ កងកម្លាំង​នគរបាលជាតិ បាន​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ថែរក្សា​ការពារ​បាន​យ៉ាង​ល្អប្រសើរ​នូវ​សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ប្រក្រតី​កម្ម​គ្រប់​ស្ថាប័នរដ្ឋ​។

ទន្ទឹម​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ក៏បាន​កត់សម្គាល់​លើ​ការងារ​សំខាន់​មួយចំនួនទៀត​ដូចជា គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​គ្រប់​ទម្រង់ ការបង្ក្រាប​សកម្មភាព​ក្មេង​ទំនើង ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្ដល់​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​ការសង្គ្រោះ​ជនរងគ្រោះ ត្រូវបាន​ពង្រឹង​ការអនុវត្ត​ជាប់​ជាប្រចាំ ដែល​ធានាបាន​នូវ​ប្រក្រតីភាព​សង្គម​គ្រ​ប់​វិស័យ​។

បន្ថែម​ពីនេះ ការងារ​អត្តសញ្ញាណ​កម្ម ដែលមាន​ចរិតលក្ខណៈ​ជាការ​គ្រប់គ្រង​អត្តសញ្ញាណ​បុគ្គល​ផង និង​ជា​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ផង ក៏ត្រូវ​បាន​ពង្រឹង និង​កែលម្អ​ការអនុវត្ត​ជា​បណ្តើរៗ ទាំង​ក្នុង​ក្របខណ្ឌ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាជន ឆ្ពោះទៅ​សម្រេច​គោលដៅ បុគ្គល​ម្នាក់ មាន​អត្តសញ្ញាណ​តែមួយ និង មនុស្ស​ទាំងអស់ ត្រូវ​បានកំណត់​អត្តសញ្ញាណ សំដៅ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​សិទ្ធិ​និង​សេវា​ជា​មូលដ្ឋាន​ចាំបាច់​នានា​ស្របតាម​ច្បាប់​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត មានប្រសាសន៍ថា សម្រាប់​ការងារ​អន្តោប្រវេសន៍ ក៏ត្រូវ​បាន​ជំរុញ​អនុវត្ត និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ទាំង​ការគ្រប់គ្រង​ដំណើរ​ចេញ​-​ចូល​ប្រទេស និង​ការ​ស្នាក់នៅ​របស់​ជនបរទេស ដោយ​ធានាបាន​យ៉ាង​គត់មត់​នូវ​អធិបតេយ្យ​ជាតិ ទប់ស្កាត់​មិនឱ្យ​កើតមាន​អំពើ​ភេរវកម្ម​នៅ​កម្ពុជា ទប់ស្កាត់​ការ​លួចលាក់​ជ្រកកោន​ធ្វើ​សកម្មភាព​របស់​អង្គការ​ភេរវកម្ម​នានា និង​ទប់ស្កាត់​ពី​ការ​ជ្រៀតចូល​ស្នាក់នៅ​ដោយ​ខុសច្បាប់​របស់​ជនបរទេស​អន្តោ​ប្រវេ​សន្ត ដែល​កិច្ចការ​ទាំងនេះ បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​នយោបាយ​ទេសចរណ៍​ជាតិ ការវិនិយោគ ពាណិជ្ជ​កម្មវិស័យ​ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្ថែមថា ចំពោះ​ការងារ​គ្រប់គ្រង​ច្រកទ្វារព្រំដែន ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ដឹកនាំ គ្រប់គ្រង សម្របសម្រួល និង​ត្រួតពិនិត្យ​គ្រប់​សកម្មភាព​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន ដោយ​ធានាបាន​នូវ​ប្រក្រតីភាព និង​សុវត្ថិភាព នៃ​ការធ្វើដំណើរ​ចេញ​-​ចូល ការទំនាក់ទំនង​ពាណិជ្ជកម្ម​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏បាន​គូស​ញ្ជា​ក់អំ​ពី​ភាព​ចម្រើន​ទៅមុខ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ការងារ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ការងារ​ពង្រឹង​ស្ថាប័ន និង​ធនធានមនុស្ស ស្របតាម​អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ និង​សមិទ្ធផល​អគារ​ថ្មី នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដែលជា​មរតក​ដ៏​វិសេសវិសាល​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ និង​ការងារ​សំខាន់​ផ្សេងៗ​ទៀត​។​

រាជរដ្ឋាភិបាល​នៅ​នីតិកាល​ទី​៧ នេះ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ សម្រាប់​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្តោតទៅលើ​វិស័យ​ជា​អាទិភាព​ចំនួន​៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

លើ​មូលដ្ឋាន​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​លើកឡើងថា ក្រសួងមហាផ្ទៃ បានរៀបចំ និង​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ធ្វើជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​មួយ សម្រាប់​ការអនុវត្ត​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរួមចំណែក​ឱ្យសម្រេចបាន​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ផ្ដាំ​ផ្ញើឱ្យ​អង្គសន្និបាត ផ្ដោត​ការយកចិត្តទុកដាក់ គឺ​ការពិនិត្យ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដើម្បី​កំណត់​វិធានការ​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​កន្លងមក ព្រមទាំង​ធ្វើការ​ពិនិត្យ ពិភាក្សា​លើ​តម្រូវការ​ចាំបាច់​នានា ដែល​ធានា​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ស្តីពី “​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​” ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

គួរបញ្ជាក់ សន្និបាត​ក្រសួងមហាផ្ទៃ ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​ពិធី​បិទ​សន្និបាត​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

​ដោយ​៖ អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​

Related posts