ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើខ្សែក្រវ៉ាត់ ជាអាវុធ និងធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ពីជនរងគ្រោះ ប៉ុន្តែរត់មិនរួច ត្រូវបានសមត្ថកិច្ច តាមស្រាវជ្រាវឃាត់ខ្លួន បានកាលពីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចតាមបណ្តោយផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ំ រក្សាពេជ្រ ហៅ ពេជ្រ អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ អាយុ១៩ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះរបួស បែកក្បាល ដេរចំនួន ០៥ថ្នេរ ,បែកចិញ្ចើមខាងឆ្វេង ដេរចំនួន០៣ថ្នេរ និងរបួសជាំខ្នង។ ចំណែកសម្ភារៈបន្សល់ទុកមាន ម៉ូតូ២គ្រឿង៕