ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាកល្បង “​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សកម្មភាព​មីន​កម្ពុជា​” មុន​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​

​ភ្នំពេញ​៖ ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០២៤ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​អនាគត​មួយ​ដែល​គ្មាន​មីន​សម្រាប់​ប្រទេស​កម្ពុជា អាជ្ញាធរ​មីន បានប្រកាស​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សកម្មភាព​មីន​នៅ​កម្ពុជា ដែលជា​គំនិត​ផ្តួចផ្តើម​ដ៏​ទំនើប និង​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្របសម្រួល ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​កា​រស​កម្ម​ភាព​មីន​នៅ​ទូទាំងប្រទេស​។​

ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​នេះ ផ្តោតលើ​ការគ្រប់គ្រង​ព័ត៌មាន​ប្រតិបត្តិការ​ទីវាល ហើយ​មាន​បំពាក់​មុខងារ​ថ្មីៗ ជួយ​គាំទ្រ​បន្ថែម​ដល់​ប្រព័ន្ធ IMSMA CORE ដែល​កំពុងដំណើរការ​ពេលបច្ចុប្បន្ន ក្នុងការ​គ្រប់គ្រង​ទិន្នន័យ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ សម្រួលការ​បោសសម្អាត​មីន ជំនួយ​ជនរងគ្រោះ និង​ដំណើរ​ការរំដោះ​ផ្ទៃដី​។​

ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានបង្ហាញ​ពី​ការរំពឹងទុក​របស់​ក​ម្ពុ​ជា​លើ​ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា​យ៉ាងសំខាន់​សម្រាប់​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា មុននឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​ហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលមាន​ការចូលរួម​ពី​ប្រទេស​ចំនួន ១៦៤ និង​អង្គការ​-​ស្ថាប័ន​សំខាន់ៗ​ជុំវិញ​ពិភពលោក​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា «​នៅពេល​យើង​ឈរ​នៅ​កម្រិត​នៃ​យុគ​សម័យថ្មី​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​កម្ពុជា​គ្មាន​មីន យើង​ត្រូវ​ដឹងគុណ និង​ថ្លែងអំណរគុណ​ចំពោះ​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបន្ត​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សកម្មភាព​មីន​កម្ពុជា គឺជា​និមិត្តរូប​នៃ​បដិវត្តន៍​បច្ចេកវិទ្យា ហើយ​វា​មិនមែន​គ្រាន់តែ​ជា​កម្មវិធី​មួយ ឬ​ឧបករណ៍​មួយ​ប៉ុណ្ណោះ​ទេ វា​គឺជា​សក្ខីភាព​នៃ​បេសកកម្ម​រួម​របស់​យើង​ក្នុងការ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​គ្មាន​មីន ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​សកម្មភាព​មីន និង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នានា​។​

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា មុន​ឈាន​ឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ កម្ពុជា​កំពុង​នាំមុខគេ​ក្នុងការ​ច្នៃប្រឌិត និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​សកម្មភាព​មីន ដែល​នេះ​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ និង​ម៉ឺន​ម៉ាត់​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស ការបង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​ទូទាំង​ពិភពលោក​។

ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា បាន​បំផុសគំនិត​គំរូ​ថ្មី​ដើម្បី​បញ្ចូល​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​សកម្មភាព​មីន ជំរុញ​សហគមន៍​ពិភពលោក​ឆ្ពោះទៅរក​ដំណោះស្រាយ​មនុស្សធម៌​ប្រកបដោយ​ភាព​ច្នៃប្រឌិត ផ្តល់ព័ត៌មាន និង​ផលប៉ះពាល់​បន្ថែមទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា