ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​រសៀល​ថ្ងៃ​ចន្ទ ១​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ខាំ​បៃ ដាំ​ឡា​ត់ (Khambai Damlat) ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃទី​២៥-២៦ ខែមីនា ឆ្នាំ​២០២៤​។

ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម ខាំ​បៃ ដាំ​ឡា​ត់ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី​បាន​ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ កាលពី​ខែសីហា ឆ្នាំ​២០២៣ កន្លងទៅនេះ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បន្ថែមទៀត​។​

ឯកឧត្តម​ប្រធាន​សមាគម ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក៏ដូចជា​ការធ្វើឱ្យ​ជីវភាព​របស់​ប្រជាជនមាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​សមាគម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​មកកាន់​ប្រទេស​ឡាវ​នាឱកាស​នេះ ហើយ​មាន​ជំនឿ​ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ក្នុង​ការលើក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។​

ឯកឧត្តម​ប្រធាន​សមាគម បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី អំពី​សកម្មភាព​សំខាន់ៗ​មួយចំនួន និង​រចនាសម្ព័ន្ធ​រប​ស់​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា​ផងដែរ​។​

ជាការ​ឆ្លើយតប សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​របស់​សមាគម​មិត្តភាព​កម្ពុជា​-​ឡាវ និង​ឡាវ​-​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ឯកឧត្តម​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ដែល​បានរួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​នាពេល​កន្លងមក​។​

សម្តេច​ធិបតី ក៏បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​មិត្តភាព​ទាំងពីរ​ខិតខំ​បន្ត​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ប្រជាជន​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ដែលជា​ប់​ព្រំដែន​ផងដែរ​។​

ទន្ទឹមនេះ សម្តេច​ធិបតី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការជំរុញ​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​រួមចំណែក​លើកកម្ពស់​ថែមទៀត​នូវ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​សំខាន់ៗ​ដទៃទៀត​របស់​ប្រទេស​ទាំងពីរ​។​

មុននឹង​បញ្ចប់ សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា សក្តានុពល​នៃ​កម្ពុជា និង​ឡាវ​នៅមាន​ច្រើន និង​លើកទឹកចិត្ត សមាគម​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ខិតខំ​ធ្វើ​សកម្មភាព​បន្ថែមទៀត​ក្នុងការ​សម្របសម្រួល​ឱ្យមាន​ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​កាន់តែច្រើន​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា