កីឡា ៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ 2024 បានឲ្យដឹងថា បារាំងគ្រោងនឹងដាក់ពង្រាយយោធា ប៉ូលិស និងបុគ្គលិកស៊ីវិលបន្ថែមរាប់ពាន់នាក់ទៀត ក្នុងការជួយការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ Paris Olympics នារដូវក្តៅនេះ។
តាមប្រភពពីសារព័ត៌មាន CNA បានឲ្យដឹងថា បារាំងគ្រោងដាក់ពង្រាយកងកម្លាំងប៉ូលិស និងសន្តិសុខបារាំងប្រមាណ ៤៥,០០០នាក់ និង បុគ្គលិកសន្តិសុខឯកជន ២០,០០០នាក់ និងយោធាប្រមាណ ១៥,០០០នាក់ ក្នុង១ថ្ងៃ ដើម្បីការពារព្រឹត្តិការណ៍ដែលនឹងមានអ្នកគាំទ្រវិស័យកីឡា និងភ្ញៀវទេសចររាប់លាននាក់ ស្នាក់នៅក្នុងប្រទេស រយៈពេលជាច្រើនសប្តាហ៍នារដូវក្តៅ។
យោងតាមប្រភពពីរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា ការស្នើសុំត្រូវបានធ្វើឡើងកាលពីខែមករា ទៅកាន់ប្រមាណ ៤៥ប្រទេស ដើម្បីជួយបង្កើនសមត្ថភាព ជាមួយនឹងមនុស្សជាង ២,០០០នាក់ថែមទៀត ទាំងយោធា និងមិនមែនយោធា។ រដ្ឋាភិបាលបារាំងបានឱ្យដឹងថា មានប្រទេសចំនួន ៣៥ហើយ មកដល់ពេលនេះ ដែលបានឆ្លើយតបជាមួយនឹងភាពវិជ្ជមាន៕