ភ្នំពេញ៖ នៅទីស្ថាក់ការអាជ្ញាធរមីន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោក ទេសរដ្ឋមន្ត្រី លី ធុជ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយ លោក Bogdan Drapiaty អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងលោក Ihor Bezkaravainyi អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។ លោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និងមន្ត្រីជំនាញមកពីអង្គភាពផ្តល់សេវារដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។
ក្នុងជំនួបនោះ លោកBogdan Drapiaty អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានផ្តល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែន ដោយទទូលបានលទ្ធផលប្រកបដោយជោគជ័យ។
លោក Bogdan Drapiaty ក៏បានលើកឡើងដែរថា គោលបំណងរបស់គណៈប្រតិភូអ៊ុយក្រែន នាពេលនេះ គឹដើម្បីស្វែងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។ លោកក៏បានបង្ហាញនូវក្តីរំពឹងថា នឹងអាចបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកម្ពុជា ក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងមន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែនដែលអញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។
លោកមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន ។ ប៉ុន្តែ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា កត្តាជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន គឺបានមកការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ប្រកបដោយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីនជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយជាតិសម្រាប់វិស័យមីនទាំងមូល។
ក្នុងឱកាសនោះផងដែរ លោក លី ធុច ក៏បានលើកឡើងផងដែរអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងបានអញ្ជើញរដ្ឋាភិបាលអ៊ុយក្រែន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ទន្ទឹមនោះ លោក ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់កម្ពុជា ក្នុងសកម្មភាពមីន ដែលក្នុងនោះរួមទាំងកិច្ចសង្គ្រោះជនរងគ្រោះផងដែរ និងបានជម្រាបទៅកាន់គណៈប្រតិភូប្រទេសអ៊ុយក្រែនផងដែរថា កម្ពុជានឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌៕