ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្កោលទោសចំពោះការវាយប្រហារសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ ៧ នាក់ របស់អ៊ីស្រាអែល នៅហ្គាហ្សា។
លោក Biden បាននិយាយថា លោក ខឹងសម្បារ និងខូចចិត្តយ៉ាងខ្លាំង ហើយលោក នឹងចោទប្រកាន់អ៊ីស្រាអែល ថាមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីការពារបុគ្គលិកជំនួយ។ ទន្ទឹមនោះ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានចេញមកសុំទោសចំពោះការស្លាប់នេះ ។
ជនរងគ្រោះទាំង ៧ នាក់ ដែលកំពុងធ្វើការនៅ World Central Kitchen (WCK) ត្រូវបានសម្លាប់ អំឡុងពេលមានការវាយប្រហារមកលើក្បួនរថយន្តរបស់ពួកគេតាមអាកាស។
ជាមួយគ្នានោះ លោក Biden បានអំពាវនាវឱ្យការស៊ើបអង្កេតរបស់អ៊ីស្រាអែល ត្រូវធ្វើឡើងភ្លាមៗ ដោយថាវាត្រូវតែមានការទទួលខុសត្រូវ និងត្រូវបង្ហាញជាសាធារណៈ ផងដែរ៕