ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថា រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានរួមបញ្ចូលការផ្លាស់ប្តូរស្ថានភាពនៃវិហារអ៊ីស្លាម Al-Aqsa នៅក្រុងហ្សេរុយសាឡឹមខាងកើត ទៅក្នុងផែនការសកម្មភាពផ្លូវការរបស់ក្រសួងរបស់លោក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN ផ្សាយថា យោងតាមផែនការរបស់ លោក Ben-Gvir គឺស្វែងរកការផ្លាស់ប្តូរស្ថានភាពនៃកន្លែងបរិសុទ្ធសម្រាប់ប្រជាជនម៉ូស្លីមទូទាំងពិភពលោក ដោយអនុញ្ញាតឱ្យអ៊ីស្រាអែលគ្រប់គ្រងលើវិហារអ៊ីស្លាម និងបើកចំហឱ្យអ្នកគោរពបូជារបស់ជនជាតិជ្វីហ្វថែមទៀត។
មិនទាន់មានការអត្ថាធិប្បាយលើផែនការរបស់ លោក Ben-Gvir នោះទេ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីន និងហ្ស៊កដានី ដែលជាអ្នកថែរក្សាជាផ្លូវការនៃកន្លែងសក្ការៈរបស់មូស្លីម និងគ្រឹស្តសាសនានៅក្នុងក្រុងហ្សេរុយសាឡឹម តាំងពីឆ្នាំ ១៩២៤ និះ បានប្រកាសប្រឆាំងជាយូរមកហើយ នូវចេតនាស្រដៀងគ្នានេះកាលពីអតីតកាល។
ផែនការសកម្មភាពរបស់ លោក Ben-Gvir សំដៅស្វែងទៅរក ការទប់ស្កាត់ និងការរើសអើងក្នុងសាសនាមូស្លីម។ នៅខាងក្នុងវិហារ Al-Aqsa មានឯកសារយោងដែលចែងចំពោះការអនុញ្ញាតឱ្យជនជាតិយូដាគោរពបូជានៅខាងក្នុងអគារ និងបរិវេណជុំវិញអគារ។
នៅក្រោមកិច្ចព្រមព្រៀងស្ថានភាពនៃសម័យអូតូម៉ង់ អ្នកមិនមែនជាមូស្លីមត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ប៉ុន្តែមិនអាចថ្វាយបង្គំ ឬអធិស្ឋាននៅទីនោះបានទេ។
ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសអ៊ីស្រាអែលបានអនុញ្ញាតឱ្យមានការលុកលុយចូលវិហារឥស្លាមតាំងពីឆ្នាំ ២០០៣ មកម្លេះ ទោះបីជាមានការថ្កោលទោសម្តងហើយម្តងទៀតពីអាជ្ញាធរប៉ាឡេស្ទីនក៏ដោយ។
វិហារ Al-Aqsa គឺជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពលោកសម្រាប់ប្រជាជនម៉ូស្លីម។ ចំណែកជនជាតិយូដាវិញ ហៅតំបន់នោះថា ប្រាសាទភ្នំ ដោយនិយាយថា វាជាទីតាំងនៃប្រាសាទពីររបស់ជនជាតិយូដានៅសម័យបុរាណ។
អ៊ីស្រាអែលបានកាន់កាប់ក្រុងហ្សេរុយសាឡឹមខាងកើត ជាកន្លែងដែលវិហារ al-Aqsa ស្ថិតក្នុងកំឡុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៦៧ ហើយវាក៏បានបញ្ចូលទីក្រុងទាំងមូលនៅក្នុងឆ្នាំ ១៩៨០ នៅក្នុងចលនាដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទ្បើយ៕