រយពេល​៤​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុង​ទូទាំងប្រទេស​ប្រមាណ ២១.៧០ លាន​នាក់​

យោងតាម​ស្ថិតិ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា រយពេល ៤ ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ទេសចរ​បរទេស​ដើរលេង​កម្សាន្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​សរុប​ប្រមាណ ២១.៧០ លាន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស ប្រមាណ ១១ ម៉ឺន​នាក់​។​

ក្រសួងទេសចរណ៍​ក៏បាន​ធ្វើ​កំណត់​សម្គាល់ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០២៤ នេះ ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​មាន​ចំនួន​កើនឡើង​ច្រើន ដោយសារតែ​រយៈពេល​នៃ​ពិធីបុណ្យ​មាន​រហូតដល់​៤​ថ្ងៃ ក្នុងពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ​ឆ្នាំ​២០២៣ មាន​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ខណដែល​មាន​ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​មាន​ប្រមាណ តែ ១៣.១៣ លាន​នាក់​ប៉ុណ្ណោះ​។​

ក្រៅពីនេះ គ្រប់​រាជធានី ខេត្ត​មានការ​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ដែលជា​ព្រឹត្តិការណ៍​ដែលមាន​ការទាក់ទាញ និង​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​។​

ក្រសួង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ដើរលេង​កម្សាន្ត​ក្នុង​ខេត្ត​ខាងលើ គឺ​មានតែ​ប្រមាណ ៣០% ប៉ុណ្ណោះ​ដែល​បាន​ស្នាក់នៅ​លើសពី​មួយ​យប់​ឡើងទៅ នៅ​កន្លែង​កម្សាន្ត​។ ក្រសួង​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ភ្ញៀវ​ទាំង​ជាង ២១ លាន​នាក់​ខាងលើនេះ គឺ​រដ្ឋបាល​រាជធានី​ខេត្ត រាប់បញ្ចូល​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស និង​ចំនួន​បងប្អូន​ប្រជាជន​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅតាម​ទីតាំង​ដែលមាន​ការរៀបចំ​កម្ម​វិធី​សង្ក្រាន្ត ព្រមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅតាម​ភូមិ​ស្រុក និង​កន្លែង​ជួបជុំ​នានា​ផងដែរ​៕

Related posts