អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសរុស្ស៊ីកំពុងបន្តកិច្ចសន្ទនាដែលប្រកបដោយន័យស្ថាបនាជាមួយអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយធ្វើការតស៊ូមតិដើម្បីកាត់បន្ថយការកើនឡើងយ៉ាងឆាប់រហ័សក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា តើអ្នកដឹងទេថា រុស្ស៊ីបានរក្សាទំនាក់ទំនងជិតស្និទ្ធ យើងមានទំនាក់ទំនងការងារប្រកបដោយស្ថាបនាជាមួយ អ៊ីរ៉ង់ និងអ៊ីស្រាអែល។ លោកថា យើងកំពុងទាក់ទងជាមួយអ៊ីស្រាអែល និងអ៊ីរ៉ង់ក្នុងន័យស្ថាបនា សំដៅបន្ថយកម្តៅ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា យើងកំពុងបន្ត កិច្ចសន្ទនា ហើយក៏បានបញ្ជាក់ពីតម្រូវការដើម្បីធានាឱ្យមានការបន្ធូរបន្ថយកម្តៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបានរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះយើងក៏អំពាវនាវឱ្យប្រទេសទាំងអស់ក្នុងតំបន់អនុវត្តការអត់ធ្មត់ដោយសមហេតុផលបំផុត ។
លោក Peskov ក៏បានលើកឡើងពីការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ផងដែរ។ ទន្ទឹមនោះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី កាលពីម្សិលមិញ ដែលជាការសន្ទនាថ្នាក់កំពូលសម្រាប់កាត់បន្ថយការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានបន្ថែមថា ក្រៅពីនេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolay Patrushev បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែលលោក Tzachi Hanegbi ផងដែរ។
គួររម្លឹកថា នៅល្ងាចថ្ងៃទី ១៣ ខែមេសា អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ឧក្រិដ្ឋកម្មម្តងហើយម្តងទៀត រួមទាំងការវាយប្រហារលើការិយាល័យកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus ។ ទីក្រុងតេអេរ៉ង់បាននិយាយថា ការវាយប្រហារនោះបានកំណត់គោលដៅលើមូលដ្ឋានយោធារបស់អ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា ខ្លួនបានស្ទាក់ចាប់បាន ៩៩% នៃកាំជ្រួចរបស់អ៊ីរ៉ង់ជិត ៣៥០ គ្រាប់ ដែលបានបាញ់នៅអ៊ីស្រាអែល ដោយនិយាយថា ការខូចខាតបន្តិចបន្តួចត្រូវបានបង្កឡើងដល់មូលដ្ឋានទ័ពអាកាស Nevati ។
ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនស្វែងរកការធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាកើនឡើងនោះទេ ប៉ុន្តែបានប្តេជ្ញាចិត្តឆ្លើយតបចំពោះសកម្មភាពខុសច្បាប់ និងមិនសមហេតុផលណាមួយប្រឆាំងនឹងប្រទេសនេះ៕