លោក Andrey Yermak មន្ត្រីជំនួយការលោក ហ្សេ លេនស្គី បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ក្រុងកៀវចង់បានឲ្យមានការធានាសន្តិសុខអ៊ុយក្រែនពីអ្នកគាំទ្រលោកខាងលិចសំខាន់សហរដ្ឋអាមេរិកឲ្យស្រដៀងគ្នា ឬក៏ដូចគ្នានឹងកម្រិតនៃការការពារដែលសហរដ្ឋអាមេរិកផ្តល់ឲ្យអ៊ីស្រាអែល។
រដ្ឋាភិបាលអ៊ុយក្រែនកំពុងចរចាសន្ធិសញ្ញាជាបន្តបន្ទាប់ដែលមានបំណងបិទនូវលក្ខខណ្ឌរបស់លោកខាងលិច ដើម្បីជួយអ៊ុយក្រែនបានចូលជាសមាជិកភាពពេញលេញរបស់ណាតូ។ មន្ត្រីនៅទីក្រុងគៀវ និយាយថា កិច្ចព្រមព្រៀងនឹងធានាបាននូវជំនួយយោធារយៈពេលវែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយមិនគិតពីការផ្លាស់ប្តូរនយោបាយដែលអាចជំរុញឱ្យម្ចាស់ជំនួយកាត់បន្ថយជំនួយនោះទេ។
លោក Yermak បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនត្រូវតែដំណើរការមិនអាក្រក់ជាងអនុស្សរណៈរបស់អាមេរិកជាមួយអ៊ីស្រាអែលនោះទេ ហើយប្រសិទ្ធភាពដែលត្រូវបានបញ្ជាក់ដោយសកម្មភាពរួមគ្នារបស់សម្ព័ន្ធមិត្តក្នុងអំឡុងពេលបង្វែរការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ីស្រាអែលដោយអ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចនៅអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១ ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាស ដែលខ្លួនបានស្តីបន្ទោសលើរដ្ឋជ្វីហ្វ។
ចំណាត់ការដែលរំពឹងទុកជាយូរមកនេះ បណ្តាលឱ្យភាគីអ៊ីស្រាអែលមាន ការខូចខាតតិចតួច ប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ពីអ៊ីស្រាអែល គឺទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានប្រើប្រាស់ទ្រព្យសម្បត្តិយោធារបស់ពួកគេ ដើម្បីជួយបញ្ឈប់ការបាញ់កាំជ្រួចភាគច្រើនរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល។ ដូច្នេះហើយទើបខាងអ៊ុយក្រែនចេញមកទាមទារឲ្យមានការធានាសន្តិសុខ ដូចអ្វីដែលលោកខាងលិច សំខាន់សហរដ្ឋអាមេរិក ត្រូវធានាសន្តិសុខអ៊ុយក្រែន ដូចគ្នានឹងការធានាសន្តិសុខអ៊ីស្រាអែល។ យោងតាមអ្នកជំនាញការពារជាតិក្នុងតំបន់បានឱ្យដឹងថា ការស្ទាក់ចាប់បានធ្វើឱ្យអ៊ីស្រាអែលចំណាយប្រាក់ ៥៥០ លានដុល្លារឯណោះ។
មន្ត្រីលោកខាងលិចបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុងកៀវមិនគួររំពឹងថានឹងមានអន្តរាគមន៍ប្រភេទដែលអ៊ីស្រាអែលទទួលបានកាលពីសប្តាហ៍មុនពីសហរដ្ឋអាមេរិក និងលោកខាងលិចនោះទេ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ការដាក់កងកម្លាំងណាតូដោយផ្ទាល់នៅក្នុងជម្លោះជាមួយកងកម្លាំងរុស្ស៊ី ខ្ញុំគិតថាវានឹងជាការកើនឡើងដ៏គ្រោះថ្នាក់បំផុត ហើយវាខុសពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកបានពន្យល់ថា ជំនួសឱ្យយន្តហោះលោកខាងលិចនៅលើមេឃរបស់អ៊ុយក្រែន ហើយនឹងការព្យាយាមបាញ់ទម្លាក់នោះ គឺអ៊ុយក្រែនត្រូវការប្រព័ន្ធការពារអាកាសដ៏រឹងមាំ។
ក្រុងគៀវ បានជំរុញឱ្យសហរដ្ឋអាមេរិកដែលអស់រយៈពេលជាច្រើនខែដើម្បីឈានទៅមុខជាមួយនឹងការផ្តល់ជំនួយជាង ៦០ ពាន់លានដុល្លារ ដែលត្រូវបានរារាំងដោយប្រធានសភា លោក Mike Johnson។
យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានប៉ាន់ស្មានថា លោក ចនសុន អាចនឹងបញ្ចេញសម្ពាធគាំទ្រក្រុងគៀវ ហើយបញ្ជូនសេចក្តីព្រាងច្បាប់អនុម័តទៅកាន់ព្រឹទ្ធសភាដើម្បីបោះឆ្នោតបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។ ច្បាប់នេះក៏រួមបញ្ចូលថវិកាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ផងដែរ៕