កីឡា ៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola មិនទាន់មានភាពប្រាកដប្រជានៅឡើយនោះទេ ថាតើកីឡាករ Erling Haaland នឹងបង្ហាញខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍នេះ លេងទល់ក្លិប Chelsea ឬក៏អត់នោះដោយសសារបញ្ហារបួសសាច់ដុំ។
បញ្ហាបែបនេះបានកើតមានឡើង បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានស្នើសុំចាក់ចេញពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Champions League កាលពីថ្ងៃពុធ ដោយសារបញ្ហារបួសសាច់ដុំ ដែលលេងទល់ក្រុម Real Madrid ខណៈលោក Pep Guardiola បានប្រាប់អ្នកសារព័ត៌មានថា «Erling មានបញ្ហារបួសសាច់ដុំ យើងនឹងកំពុងតាមដានមើល»។
លោក Guardiola បានបន្ថែមថា «នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលកីឡាកររបស់គាត់ កំពុងមានអារម្មណ៍ពីផលប៉ះពាល់ នៃកាលវិភាគដ៏មមាញឹក ដែលជាលទ្ធផលនៃភាពជោគជ័យរបស់ក្រុម»។
សូមជម្រាបថា ក្លិប Man City ធ្លាប់បានឈ្នះពានរង្វាន់ FA Cup ចំនួន ៦លើក ខណៈខ្សែប្រយុទ្ធឆ្នើម Haaland ពេលនេះក៏កំពុងស៊ុតនាំមុខគេ ២០គ្រាប់ស្មើជាមួយ Cole Palmer របស់ក្លិប Chelsea នៅលីគអង់គ្លេស Premier League ហើយនៅពាន FA Cup កីឡាករ Haaland កំពុងរកបាន ៥គ្រាប់ក្នុងដៃផងដែរ៕