សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌល ផ្តល់សេវាវះកាត់ នៃមន្ទីរបង្អែកខេត្តសៀមរាប ដែលជាមន្ទីរពេទ្យទំនើបមួយ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមកម្រិតស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ។
ផ្អែកតាមលក្ខណៈភូមិសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើរតួនាទីយ៉ាងសំខាន់ និងសកម្មមួយក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញផងដែរ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថានៅក្នុងពេលដ៏ខ្លីខាងមុខនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នឹងត្រូវពង្រីកទៅជាមន្ទីរពេទ្យថ្នាក់តំបន់ក្រោមគម្រោងកម្ចីសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលនឹងធ្វើឲ្យមន្ទីរពេទ្យទាំង ២ នេះកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតទៀតដើម្បីចូលរួមចំណែកជាមន្ទីរពេទ្យគាំទ្រដូចមន្ទីរពេទ្យជាតិ ក្នុងគោលដៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទៅរកសេវាថែទាំសុខភាព ដែលចាំបាច់ធ្វើដំណើររហូតដល់រាជធានីភ្នំពេញ។
សម្តេចធិបតី ក៏បានថ្លែងអបអរសាទរដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបផងដែរ ចំពោះសមិទ្ធផលថ្មី ដែលផ្តល់គុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតេជោ ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពចម្បង មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និង បរិយាប័ន្ន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនេះរួមមានវិស័យសុខាភិបាលផងដែរ ជាក់ស្តែង មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ សម្តេចបន្តថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ជាទ្រព្យសម្បត្តិជាតិ ដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទ្បើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើអាទិភាពចំនួន ៥គឺ៖ ទី១/ បង្កើនគុណភាពសិក្សាអប់រំកីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ទី២/បង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាល, ទី៣/លើកកម្ពស់សុខភាព និងសុខុមាលភាព, ទី៤/ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហារូបត្ថម្ភ និងទី៥/ពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ ។
ដូច្នេះ គោលដៅយុទ្ធសាស្ត្រនៃ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺបន្តកាត់បន្ថយ ការឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជសុខភាពមាតា ទារក និងកុមារ ។
សម្តេចធិបតីថ្លែងបន្តថា ដើម្បីឈានទៅសម្រេចគោលដៅនេះកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយ អាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលតាមរយៈ៖ ១- ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យប្រមាណ ជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពី ខែតុលា ឆ្នាំ២០២៣ និង២- ការពង្រីករបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដល់ សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. (ប្រមាណជាង ៣ លាននាក់)។
ទន្ទឹមគ្នានឹង ការអនុវត្តយន្តការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ៖ ទី១. ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាពព្រមទាំង លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងទី៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យ សុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
សម្តេចធិបតី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋជាពិសេស បុគ្គលិកនៅមន្ទីរពេទ្យស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពដែលបាននិង កំពុងបម្រើការងារ ផ្តល់សេវានៅតាមតំបន់ជនបទព្រមទាំងចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សហគមន៍ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលបាន និង កំពុងរួមចំណែក យ៉ាងសំខាន់ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការខិតខំប្រឹងប្រែងរួម ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ ៕