ក្លិបអ្នកកាសែតកម្ពុជា បានចេញនូវសេចក្តីអំពាវនាវដល់អ្នកសារព័ត៌ចូលរួមគោរពក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ខណដែលមួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសង្កេតឃើញថា មានសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពវីដេអូ ដែលបង្ហាញនូវភាពឃោឃៅ ខណដែលរូបភាពទាំងនោះ មិនគ្រាន់តែប្រាសចាកធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌សង្គម ស្មារតីសង្គម និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។ ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌មាន ទាំងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូ នៃអំពើឃោឃៅទៅលើស្ត្រីម្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក.អ.ក ចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុង នឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សីលធម៌សង្គម ស្មារតីសង្គម សំខាន់ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។
ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គម គិតគូរ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពទាំងអស់នោះ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអាវក្រោះដ៏រឹងមាំសម្រាប់អ្នកសារព័ត៌មាន។
ក.អ.ក សង្ឃឹមថា ទាំងអ្នកសារព័ត៌មាន ទាំងអ្នកលេងបណ្តាញសង្គម នឹងងាកមកអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូរ ជាអ្នកសារព័ត៌មាន ជាពលរដ្ឋ រស់នៅក្នុងសង្គមស៊ីវិល័យ៕