អនុប្រធានទី១ ក្តាប់រួមអាជ្ញាធរទន្លេសាប លោក ហ៊ែល តូនី រួមជាមួយ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានចុះពិនិត្យការសាងសង់បោះបង្គោលព្រំតំបន់ ៣ ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ឃុំកំពង់លួង និងស្រុកកណ្តៀង ឃុំកញ្ជរ និងឃុំស្យា ខេត្តពោធិ៍សាត់ បន្ទាប់ពីក្រុមការងារមន្ត្រីបច្ចេកទេសផែនទី របស់អាជ្ញាធរទន្លេសាប សហការជាមួយមន្ត្រីជនបង្គោលអាជ្ញាធរទន្លេសាប (មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់) និងអាជ្ញាធរដែនដី បានបញ្ចប់ការចុះពិនិត្យផ្ទៀងផ្ទាត់និយាមកាសព្វគ្រប់ និងត្រឹមត្រូវរួចហើយទៅតាមចំនុចទីតាំងនីមួយៗក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។
សូមជម្រាបថា ខេត្តពោធិ៍សាត់ ជាខេត្តមួយក្នុងចំណោមខេត្តទាំង ៦ អមផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦ ជាប់ផ្ទាល់នឹងតំបន់បឹងទន្លេសាប ដែលមានស្រុកចំនួន ៣ និងឃុំចំនួន ១៤ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយនឹងតំបន់ដែនព្រៃលិចទឹក (តំបន់៣) ។
ជារួមសកម្មភាពនៃការដាំបង្គោលការពារដែនព្រៃលិចទឹកព្រំតំបន់ ៣ ក្នុងខេត្តពោធិ៍សាត់ គិតមកត្រឹមថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ នេះ គឺបានសម្រេចចំនួន ៣៥ បង្គោល លើ ១៤៦ ចំនុច ស្មើនឹង ២៤% ៕