ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ដេច ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​តួ​ក​គី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤​នេះ បានអនុញ្ញាត​ឲ្យ​លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​

ក្នុងជំនួប​នេះ សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​លោកជំទាវ​ឯកអគ្គ​រដ្ឋ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សាជាថ្មី​ម្ដងទៀត​បន្ទាប់ពី​ជំនួប កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២២ ក្រោយ​ពេលដែល​លោកជំទាវ​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅពេលនោះ សម្ដេច​បាន​ពិភាក្សា​ជាមួយ​លោកជំទាវ អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង តួ​ក​គី និង បញ្ហា​មួយចំនួនទៀត ជាពិសេស ពី​ការ​សុំចូល​របស់​ប្រទេស​តួ​ក​គី ជា​សមាជិក EU និង​បញ្ហា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ នៅពេលនេះ សម្ដេច​បានទទួល​តំណែង​ជា​ប្រធានព្រឹទ្ធសភា សម្ដេច នឹង​ពង្រឹង​ទំនាក់ទំនង បន្ថែមទៀត​រវាង​ព្រឹទ្ធសភា​កម្ពុជា និង សភា​តួ​ក​គី​។ ក្នុងជំនួប​នេះ សម្ដេច​តេ​ជោ​ក៏បាន​ផ្តាំផ្ញើ តាមរយៈ​លោកជំទាវ​អគ្គ​រដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា នូវ​ការសួរសុខទុក្ខ​របស់​សម្តេច ចំពោះ​ឯកឧត្តម​ប្រធានាធិបតី នៃ​ប្រទេស​តួ​ក​គី​ផងដែរ​។​

ជា​កិច្ច​ឆ្លើយតប លោកជំទាវ ឯក​គ្គ​រដ្ឋទូត​តួ​ក​គី បាន​សម្ដែង​នូវ​ក្តី​រីករាយ ដោយ​ចាត់ទុកថា នេះ​ជា​កិត្តិយស​ណាស់​ដែល​សម្ដេច​ផ្តល់​ការអនុញ្ញាត​ឲ្យ​លោកជំទាវ​បាន​ជួប​សម្ដែង​ការគួរសម​នៅពេលនេះ​។ នៅថ្ងៃនេះ​ផងដែរ លោកជំទាវ​បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ ដែល​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​យោធិន​របស់​កម្ពុ​ជាមួយ​ចំនួន​។ លោកជំទាវ​បាន​បន់ស្រន់​ឱ្យ​អ្នក​ដែល​រក​របួស​ឆាប់​បានជា​សះស្បើយ​ផងដែរ​។

ឆ្លៀត​នៅក្នុង​ឱកាស​នេះ លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជូនពរ​សម្ដេច​តេ​ជោ និង​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​សូម​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​ លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានសភា​តួ​ក​គី​ផងដែរ ជូន​ចំពោះ​សម្ដេច​តេ​ជោ​។​

លោកជំទាវ​បាន​សម្ដែង​នូវ​ក្តី​រីករាយ និង​មាន​មោទនភាព ដោយ​ឃើញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ទួ​ក​គី មានការ​រីកចម្រើន​ជា​លំដាប់ ក្នុងនោះ មាន​ការបើក​ការិយាល័យ​ពាណិជ្ជកម្ម ថ្វីត្បិតតែ​ទំហំ​ពាណិជ្ជកម្ម​មាន​ទំហំ​តូច ក៏ប៉ុន្តែ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុងការ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្មនេះ ឲ្យ​កើន​ដល់​១​ពាន់​លាន​ដុល្លារ​ផងដែរ​នាពេលខាងមុខ​ទំនាក់ទំនង​កាន់តែ​ច្រើនឡើង​រវាង​ប្រជាជន​និង​ប្រជាជន ។​

លោកជំទាវ​ក៏បាន​រំលឹក​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​តួ​ក​គី ពិសេស​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​យុវជន និង​កីឡា ក្នុងនោះ មានការ​ពង្រីក​សាលា និង​ការបង្កើន​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តបន្ទាប់​។​

លោកជំទាវ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី គ្រោង​នឹង​ពង្រីក​ការហោះហើរ​មក​កម្ពុ​ជានា​ពេលខាងមុខ ហើយ​សង្ឃឹមថា ការភ្ជាប់​ទំនាក់ទំនង​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ទេសចរណ៍​មានការ​កើនឡើង​បន្ថែមទៀត​។ លោកជំទាវ​ក៏បាន​រៀបរាប់​ពី​ទំនាក់ទំនង និង ។ ប្រទេស​តួ​ក​គី​នឹង​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់ ហើយ​បាន​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជា​ជួយ​គាំទ្រ​តួ​ក​គី​ក្នុង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ផងដែរ​។​លោកជំទាវ​មាន​ក្តីសង្ឃឹម​ទុក​ថា សម្ដេច​ប្រធានព្រឹទ្ធសភា នឹង​បង្កើន​នូវ​ទំនាក់ទំនង​ជាមួយ​សភា នៃ​ប្រទេស​តួ​ក​គី ឱ្យដល់​កម្រិត​ខ្ពស់​នាពេលខាងមុខ​។​

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ប្រធានព្រឹទ្ធសភា បាន​អរគុណ​ចំពោះ​លោកជំទាវ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ កើតឡើង​កាលពី​ចុង​សប្តាហ៍​នេះ និង បណ្តាល​ធ្វើ​ឲ្យ​យោធិន​យើង​ចំនួន​២០​រូប​បាន​ស្លាប់បាត់​បង់ជីវិត និង​មួយចំនួនទៀត​ទទួលរង​របួស​។

សម្ដេច​តេ​ជោ ក៏បាន​អរគុណ​លោកជំទាវ​ដែល​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ដែល​បាន​ក្លាយជា​ប្រធានព្រឹទ្ធសភា​នាពេលនេះ ហើយ​សម្ដេច​ក៏បាន​អរគុណ​ផងដែរ​ដល់​ឯកឧត្តម​ប្រធានសភា​តួ​ក​គី ដែល​បាន​ផ្ញើ​សារ​អបអរសាទរ ហើយ​សម្ដេច​នៅចាំ​បាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​តួ​ក​គី ពេលដែល​ជួបគ្នា​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨ ឯកឧត្តម ស្ថិតនៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្ដេច​ក៏បាន​ជួប​ជាមួយ​ឯកឧត្តម​ប្រធានសភា​តួ​ក​គី​ផងដែរ​។ នៅក្នុង​ជំនួប​នេះដែរ សម្ដេច​តេ​ជោ​ក៏បាន​រៀបរាប់​ប្រាប់​លោកជំទាវ​ទូត​ពី​គោលបំណង​ដែល​សម្ដេច​សម្រេច​ធ្វើការ​ផ្លាស់ប្ដូរ និង​ផ្ទេរអំណាច​ទៅដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ដែលជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ជាការ​សម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​ទុកចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​បន្តទៀតថា​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​បន្តវេន​ក្នុង​រយៈពេល​៨​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ដំណើរការ​ល្អប្រសើរ មាន​ស្ថិរ​រ​ភាព កំណើនសេដ្ឋកិច្ច​ល្អប្រសើរ និង​អតិផរណា​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។​

សម្ដេច​តេ​ជោ​ប្រធានព្រឹទ្ធសភា​បាន​មានប្រសាសន៍ថា​នៅក្នុង​អាណត្តិ​ទី​៥ នៃ​ព្រឹទ្ធសភា​នេះ សម្តេច​នឹង​ផ្ដោត​អទិភាព​សំខាន់​ទៅលើ​កិច្ចការងារ​បរទេស​។

ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​វិញ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​របស់​យើង​គឺ​នៅ​តូច​នៅឡើយ ដែល​ពុំទាន់​សក្តិសម​ទៅនឹង​សក្តានុពល​ដែល​ប្រទេស​ទាំងពីរ​មាន ។ សម្តេច​ជឿជាក់ថា​គោលដៅ ១​ពាន់​លាន​ដុល្លារ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ទាំងពីរ​អាច​សម្រេចបាន​នាពេលខាងមុខ ។ ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​សម្ដេច​បាន​មានប្រសាសន៍ថា ស្ថាប័ន​ទាំងពីរ​គួរតែមាន​កម្មវិធី​ឱ្យ​ច្រើន​ដើម្បី​រំលឹក​ខួប​ទំនាក់ទំនង​នេះ​។

ទាក់ទង​ទៅនឹង​ការហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា វា​នឹង​អាចធ្វើ​ឲ្យ​ទេសចរណ៍​ពី​ប្រទេសជិតខាង​តួ​ក​គី យក​ប្រទេស​ទួ​គី​ជា​កន្លែង​ចាប់ផ្ដើម​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កម្ពុជា​ផងដែរ​។​

ជា​ចុងក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​អញ្ជើញ​ប្រធានសភា​តួ​ក​គី មក​ចូលរួម​វេទិកា​អន្តរ​សភា​ដើម្បី​ការ​អត់​ឱ្ និង សន្តិភាព និង​មហាសន្និបាត​លើក​ទី​១២ នៃ​សន្និសីទ​អន្តរជាតិ​គណបក្សនយោបាយ​អាស៊ី (ICAPP) ដែល​កម្ពុជា នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខ​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​ធិបតី និង ដឹកនាំ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​នេះ ហើយ​សម្ដេច​តេ​ជោ នឹង​ត្រូវបាន​អញ្ជើញ​ធ្វើជា​ប្រធានកិត្តិយស នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​។ ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី សម្ដេច​តេ​ជោ​ប្រធានព្រឹទ្ធសភា និង​លោកជំទាវ​ឯក​គ្គ​រដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ពិគ្រោះ​ពិភាក្សាគ្នា​ផងដែរ ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា ជាពិសេស សភាពការណ៍​នៃ​សង្គ្រាម រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា