ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញថា ផែនការបញ្ចប់ជម្លោះជាមួយរុស្ស៊ីនឹងត្រូវបានរៀបចំនៅចុងឆ្នាំនេះ។ លោកបានអះអាងបែបនោះកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Kyiv ដោយលោកបញ្ជាក់ថា ផែនការនោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីបង្ហាញពីរបៀបវរៈនៃការបញ្ចប់សង្គ្រាមដែលនឹងត្រូវបានគាំទ្រដោយប្រទេសភាគច្រើននៃពិភពលោក។
លោក Zelenskyy ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដោយកម្លាំងអ៊ុយក្រែន ខណៈពេលដែលរៀបចំផែនការសម្រាប់សន្តិភាពនោះ។ លោកថា យើងនឹងបង្កើនប្រៀបដើម្បីភាពរឹងមាំលើសមរភូមិ ជាមួយនឹងការបង្កើតផែនការលម្អិតច្បាស់លាស់សម្រាប់សន្តិភាព ដែលបញ្ហាទាំងពីរនេះ ត្រូវធ្វើតំណាលគ្នា។
យ៉ាងណាក៏ដោយលោកមិនបានបង្ហាញអំពីព័ត៌មានលម្អិតនៃផែនការសន្តិភាពនោះទេ។ ប៉ុន្តែក៏មានការរំពឹងទុកថា ផែនការសន្តិភាពនេះអាចនឹងជំរុញឱ្យមានការពិភាក្សានៅឯការជួបជុំគ្នានាពេលអនាគតរបស់មេដឹកនាំអន្តរជាតិស្តីពីការនាំយកសន្តិភាពដល់អ៊ុយក្រែន។
សូមជម្រាបថា រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ចំនួនបួនដែលទីក្រុងម៉ូស្គូបានបញ្ចូលជាឯកតោភាគីជាលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមកិច្ចចរចាសន្តិភាព។ ប៉ុន្តែត្រូវបានលោក ហ្សេ លេនស្គី និងសហរដ្ឋអាមេរិកបដិសេធ៕