ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានការសម្រេចចូលទៅកាន់កំពង់ផែកងទ័ពជើងទឹកនៅមហាសមុទ្រអាត្លង់ទិក តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាទ្វេភាគីជាមួយប្រទេសកោះ Sao Tome និង Principe ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្វ្រិក។ កាសែត RTVI បានរាយការណ៍បែបនេះកាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពជាច្រើនទាក់ទងការពិភាក្សាលើបញ្ហានេះ។
សេចក្តីព្រាងសន្ធិសញ្ញានេះ នឹងត្រូវបានដាក់ឱ្យបោះឆ្នោតនៅក្នុងរដ្ឋឌូម៉ា ដែលជាសភាជាន់ទាបរបស់រុស្ស៊ី។ អនុប្រធានទីមួយនៃគណៈកម្មាធិការ Duma ទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Alexey Chepa បានពន្យល់ថា ការផ្តល់សច្ចាប័នលើកតិកាសញ្ញានេះ នឹងអនុញ្ញាតឱ្យនាវារុស្ស៊ី ឈរជើងនៅឈូងសមុទ្រហ្គីណេ។
លោកថា ថ្ងៃនេះ កំពង់ផែមួយចំនួនធំដែលកប៉ាល់របស់យើងអាចចូលមកចាក់ប្រេងត្រូវបានបិទ។ ដូច្នេះហើយ ឱកាសក្នុងការស្វែងរកកំពង់ផែមិត្តភាពជួយសម្រួលដល់សកម្មភាពនៃកងនាវារបស់យើងគឺសំខាន់ណាស់។
ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសរុស្ស៊ី និងសាធារណៈរដ្ឋប្រជាធិបតេយ្យ Sao Tome និង Principe ដែលបានចុះហត្ថលេខាដំបូងនៅ St. Petersburg ក្នុងខែមេសា គឺភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យអប់រំយោធា និងសហការក្នុងការផ្តល់ជំនួយផ្នែកវិស្វកម្មសម្រាប់កងទ័ព។ ប្រយុទ្ធប្រឆាំងនឹងភេរវករ និងផ្តល់ការគាំទ្រផ្នែកភស្តុភារយោធា។
កិច្ចសហប្រតិបត្តិការនោះក៏ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលសមយុទ្ធរួម និងសកម្មភាពផ្សេងៗទៀតរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
សេចក្តីព្រាងឯកសារនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងមានរយៈពេលមិនកំណត់ ហើយថាការអនុម័តសន្ធិសញ្ញានេះនឹងមិនតម្រូវឱ្យមានមូលនិធិបន្ថែមពីថវិកាសហព័ន្ធនោះទេ៕