ប្រទេសចិន នៅថ្ងៃពុធនេះ បានធ្វើការបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបដ៏កម្រមួយ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាសកម្មភាពមួយទំនងជាបង្កការព្រួយបារម្ភជាអន្តរជាតិអំពីការបង្កើតនុយក្លេអ៊ែររបស់ប្រទេស ។
ក្រសួងការពារជាតិចិន នៅក្នុងសេចក្តីថ្លែងការណ៍លើកឡើងថា មីស៊ីល ICBM ដែលមានក្បាលគ្រាប់មិនពិតប្រាកដ ត្រូវបានបាញ់បង្ហោះដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជន (PLA) នៅម៉ោង ៨ និង ០០ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅថ្ងៃពុធ ហើយធ្លាក់ចូលទៅក្នុងតំបន់សមុទ្រដែលគេរំពឹងទុក។
សេចក្ដីថ្លែងការណ៍ដដែល បន្តថា នេះគឺជាការរៀបចំជាទម្លាប់នៅក្នុងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់យើង ហើយមិនសំដៅទៅកាន់ប្រទេស ឬគោលដៅណាមួយឡើយ។
ប្រទេសចិន ជូនដំណឹងដល់បណ្តាប្រទេសដែលពាក់ព័ន្ធជាមុន នេះបើយោងតាមរបាយការណ៍របស់ Xinhua ដាច់ដោយឡែក ដែលមិនបានបញ្ជាក់ច្បាស់ពីគន្លងមីស៊ីល ឬកន្លែងដែលពិតប្រាកដនៅក្នុងសមុទ្រខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកដែលវាធ្លាក់។
ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា ការបាញ់បង្ហោះនេះ ជាការសាកល្បងប្រកបដោយប្រសិទ្ធភាពនូវដំណើរការនៃសព្វាវុធ និងឧបករណ៍ កម្រិតហ្វឹកហ្វឺនរបស់កងទ័ព ហើយសម្រេចនូវគោលដៅដែលរំពឹងទុកផងដែរ៕