រដ្ឋាភិបាលក្រុងហាណូយ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk គ្រោងនឹងវិនិយោគ ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ករវាងប្រធានាធិបតីវៀតណាមលោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ SpaceX សម្រាប់ធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាល។
លោក Lam បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើសំណើការវិនិយោគរបស់ SpaceX ។
ទន្ទឹមនោះ លោក Lam ក៏បានស្នើឱ្យ SpaceX ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសវៀតណាម ដើម្បីបញ្ចប់ការត្រៀមរៀបចំមុនការវិនិយោគប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា នេះជាការបោះទុនលើកដំបូងរបស់ SpaceX ក្នុងប្រទេសវៀតណាម ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗ រួមគ្នា ៕