ទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យមានការឈប់បាញ់ជាបណ្តោះអាសន្នក៏ដោយ ក៏យន្តហោះចម្បាំងអ៊ីស្រាអែលនៅតែបន្តវាយប្រហារប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ដោយមានក្រុមគ្រួសារទាំងមូលត្រូវបានបាត់ក្នុងចំណោមជនរងគ្រោះដ៏ទៃទៀត។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) ផ្លូវការបានរាយការណ៍ថា កាលពីយប់មុនគេបានឃើញការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលយ៉ាងខ្លាំងក្លាបំផុតលើទីក្រុង Baalbek និងតំបន់ជុំវិញរបស់វានៅភាគខាងកើតប្រទេសលីបង់។ យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា គ្រួសារទាំងមូលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះ ហើយបានបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Chaat ។ នេះបើយោងតាមទីភ្នាក់ងារនេះ តែមិនបានបញ្ជាក់ចំនួនសមាជិកគ្រួសារដែលត្រូវបានសម្លាប់នោះទេ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានបញ្ជាក់ប្រាប់ Anadolu ថា យន្តហោះអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់លើសង្កាត់ Tyre ភាគខាងត្បូង រួមទាំងទីក្រុង Tayr Debba, Bedias, Maarakeh និង Bazourieh ផងដែរ។ វិនាសកម្មដូចគ្នានេះក៏ត្រូវបានគេរាយការណ៍ថាកើតមាននៅក្នុងស្រុក Nabatieh ភាគខាងត្បូង រួមទាំងក្រុង Kfar Remen និង Zawtar ផងដែរ។
សូមជម្រាបថា អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវទៅលើប្រទេសលីបង់ បើទោះបីជាមានការអំពាវនាវកាលពីថ្ងៃពុធដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួនប្រាំបួនផ្សេងទៀតដែលជំរុញឱ្យភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់រយៈពេល ២១ ថ្ងៃដើម្បី ផ្តល់ឱកាដសសម្រាប់ការពិភាក្សាទូតលើបញ្ហាជម្លោះ។
អ៊ីស្រាអែលបានវាយលុកតំបន់ជាច្រើនក្នុងប្រទេសលីបង់ តាំងពីព្រឹកថ្ងៃចន្ទមក ចំពេលមានការកើនឡើងក្នុងសង្រ្គាមឆ្លងព្រំដែនជាមួយក្រុមហេសបូឡា។ ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មនុស្ស ៦១០ នាក់បានស្លាប់ និងជាង ២,០០០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។
ក្រុមហេសបូឡា និងអ៊ីស្រាអែលបានប៉ះទង្គិចគ្នាឆ្លងព្រំដែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជិត ៤១,៥០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ សហគមន៍អន្តរជាតិបានព្រមានប្រឆាំងនឹងការវាយប្រហារលើប្រទេសលីបង់ ខណៈពួកគេលើកឡើងពីទិដ្ឋភាពនៃការរីករាលដាលជម្លោះនៅតំបន់ហ្គាហ្សា៕