ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

៧៥ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន កសាងបានសង្គមមួយប្រកបដោយវិបុលភាពសមរម្យ

៧៥ឆ្នាំហើយ បើគិតដល់ត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិនទទួលបានភាពពេញលេញជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូលតាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មីដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សកុម្មុយនិស្តចិនដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍ និងជាវីរជនដ៏មហិមារបស់ប្រជាជនចិន។

សាធារណរដ្ឋប្រជាមានិតចិនដែលធានានូវសច្ចធម៌នៃប្រព័ន្ធច្បាប់ មិនត្រឹមតែជាក្តីសង្ឃឹមសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងជាក្តីសុបិនរួមរបស់ពិភពលោកដែលប្រទេសចិនតែងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាកាលានុវត្តភាពនៃការរីកចម្រើនជូនដល់ពិភពលោក។ ដូចដែលតែងបានលើកឡើងថា «ឱកាសមិនរង់ចាំយើងមកទទួល ក្នុងពេលដែលបញ្ហាក៏មិនរង់ចាំយើងគេចចេញដែរ» ក្នុងន័យនេះប្រាជ្ញារបស់ចិនមានភាពវាងវៃលើដំណោះស្រាយបញ្ហាសកលនានាដោយបានប្រែក្លាយជាកាលានុវត្តភាពដូចមាននៅក្នុងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន ជាសក្ខីភាពស្រាប់។

បន្ថែមពីលើនេះ វឌ្ឍនភាពរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងរយៈពេល៧៥ឆ្នាំមិនអាចកាត់ផ្តាច់ចេញពីប្រវត្តិរបស់គណបក្សកុម្មុយនិស្តចិនដោយរាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បានក្លាយជាគំរូភាព ជាបទពិសោធន៍ដល់បក្សនយោបាយរបស់ពិភពលោកក្នុងការសិក្សារៀនសូត្រដោយផ្ទាល់ និងដោយប្រយោលដើម្បីសម្រេចបានសមិទ្ធផលមហិមាដូចដែលមនុស្សជាតិបាននិងកំពុងយល់ជ្រាបនាពេលនេះ។

៧៥ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិនដែលមិនត្រឹមបាននាំប្រជាជនចិនចាកផុតពីភាពក្រីក្រដោយសម្រេចបានគោលដៅ១០០ឆ្នាំទី១ដែលបានដាក់ចេញដោយបក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងបានជម្នះឧបសគ្គនានាសន្តិសុខស្បៀងអាហារជូនដល់បណ្តាប្រទេសនានាជាច្រើននៅក្នុងពិភពលោកទាំងមូលទៀតផងដោយរាប់បញ្ចូលទាំងគំនិតផ្តួចផ្តើម«​អភិវឌ្ឍន៍សកល»បានរំលេចពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀងក្នុងអំឡុងពេលដែលវិបត្តិជំងឺCovid-១៩ផងដែរ។ ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ទស្សនៈដែលបានពោលថា «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនស្តីពីសន្តិសុខស្បៀងដែលសាធារណរដ្ឋប្រជាមានិតចិនតាំងពីពេលចាប់ផ្តើមគិតរហូតមកដល់វ័យ៧៥ឆ្នាំនេះជានិច្ចកាលតែងបានធានាជូនប្រជាជនចិនជាង១,៤០០លាននាក់ ឬស្មើនឹង១/៥នៃចំនួនប្រជាជនក្នុងពិភពលោក។ ដើម្បីធានាបាននូវសន្តិសុខស្បៀង សន្តិភាពគឺជាបញ្ញតិ្តគន្លឹះដែលសាធារណរដ្ឋប្រជាមានិតចិនតែងប្រកាន់យកដោយផ្តើមពីគោលការណ៍សន្តិភាព៥ប្រការ គឺ១)ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាព ២)ការមិនឈ្លានពាន ៣)ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤)ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង ៥)ការរួមរស់ដោយសន្តិភាពនិងសុខដុមនីយកម្ម។

គោលការណ៍សន្តិភាពដែលបានផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ ដោយប្រាជ្ញាចិនបានក្លាយជាយន្តការអន្តរជាតិដ៏សំខាន់សម្រាប់រក្សាលំនឹងសន្តិភាពសកល និងថែរក្សាគុណតម្លៃរួមរបស់មនុស្សជាតិដោយបានក្លាយជាធាតុចូលដ៏សំខាន់ដល់គំនិតផ្តួចផ្តើម«សន្តិសុខសកល»ដែលប្រទេសជាច្រើនទទួលផលពីចំណងមិត្តភាពសន្តិភាពនេះ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា