ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំនៃចលនា Shia Hezbollah លោក Hassan Nasrallah នៅមានជីវិតនៅទ្បើយទេ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំ លើទីស្នាក់ការកណ្តាលរបស់ក្រុមនេះ។ នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងចលនាហេស បូទ្បា ខណទីក្រុងហ្សេរុយសាឡឹមខាងលិច បានបញ្ជាក់ពីការទម្លាក់គ្រាប់បែកនៅបរិវេណក្រោមដីដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធនៅជាយក្រុង Dahiyeh នៃទីក្រុង Beirut ។
អ្នកនាំពាក្យ IDF ឧត្តមនាវីទោ Daniel Hagari បាននិយាយថា ទីបញ្ជាការសំខាន់នៃកងជីវពល Shia ដែលមានទីតាំងនៅក្រោមសង្កាត់ជនស៊ីវិល គឺជាគោលដៅនៃការវាយប្រហារ។ កាសែត Axios បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអ៊ីស្រាអែលថា Nasrallah គឺជាគោលដៅនៃប្រតិបត្តិការ ហើយថាយោធាអ៊ីស្រាអែលកំពុងពិនិត្យមើលថាតើគាត់បានទទួលរងផលប៉ះពាល់ពីការវាយប្រហារដែរឬទេ។ ហ្សេរុយសាឡឹមខាងលិចមិនបានបញ្ជាក់ជាផ្លូវការនូវព័ត៌មាននេះទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលអះអាងថា មេដឹកនាំក្រុម Hezbollah ទំនងជាត្រូវបានគេសម្លាប់ក្នុងការវាយប្រហារនោះ។
ដោយទ្បែក ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ក៏បានរាយការណ៍ថា លោក Nasrallah មេដឹកនាំហេស បូទ្បាមានសុវត្ថិភាព ពុំមានរងគ្រោះថ្នាក់នោះទេ។ ទីភ្នាក់ងារនេះបានបង្ហាញថា អគារចំនួនប្រាំមួយត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែក។ ចំណែកសារព័ត៌មានលីបង់ Al Manar បានរាយការណ៍ថា ការវាយប្រហារនៅជាយក្រុងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និង ៧៦នាក់រងរបួស ប៉ុន្តែមិនបាននិយាយពីលោក Nasrallah ទេ។
យោធាអ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut បួនដងក្នុងមួយសប្តាហ៍កន្លងមក ដោយបានសម្លាប់មេបញ្ជាការកំពូលរបស់ Hezbollah យ៉ាងហោចណាស់បីនាក់គឺ Ibrahim Aqil, Ahmed Wahbi និង Ibrahim Qubaisi ។ ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដែលមានគោលដៅលើក្រុមហេសបូឡា និងវាយប្រហារទីតាំងផ្សេងៗក្នុងប្រទេសលីបង់។ យោងតាមក្រសួងសុខភាពរបស់ប្រទេសលីបង់ យ៉ាងហោចណាស់មនុស្ស ១,៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
ចំណែកមនុស្សជាង ១០០.០០០ នាក់ត្រូវបានជម្លៀសចេញពីភាគីទាំងពីរនៃព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមការបាញ់ប្រហារគ្នាជាមួយក្រុមយុទ្ធជនហេសបូឡា នៅពេលចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ជិតមួយឆ្នាំមុន។
ចលនាសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់បានគាំទ្របុព្វហេតុប៉ាឡេស្ទីនជាមួយនឹងការបាញ់កាំជ្រួចជាបន្តបន្ទាប់ប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលចាប់តាំងពីក្រុងហ្សេរុយសាឡឹមខាងលិចបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សា។ កិច្ចខិតខំប្រឹងប្រែងយោធានេះត្រូវបានផ្តួចផ្តើមឡើងក្នុងការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ពួកហាម៉ាសដែលសម្លាប់មនុស្សកាលពីខែតុលាឆ្នាំមុន ដែលបណ្តាលឱ្យមានជនជាតិអ៊ីស្រាអែលប្រមាណ ១,២០០ នាក់បានស្លាប់។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន យុទ្ធនាការរបស់អ៊ីស្រាអែលបានឆក់យកជីវិតមនុស្សជាង ៤១.០០០នាក់ ក្នុងនោះមានកុមារជិត ១៦.៥០០នាក់។ ទីក្រុងហ្សេរុយសាឡឹមខាងលិចក៏បានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡាហ៍កាលពីដើមខែនេះផងដែរ ដោយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួសនៅក្នុងប្រតិបត្តិការបំផ្លិចបំផ្លាញដែលផ្តោតលើឧបករណ៍ទំនាក់ទំនងចល័តរបស់ក្រុមនេះ ហើយបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងលីបង់ជាមួយនឹងការវាយប្រហារតាមអាកាសចាប់តាំងពីសប្តាហ៍មុន៕