ខេត្តរតនគិរី÷ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ថា ចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តរតគិរី មានចំនួនសរុប ២៣,៨៩៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ២៣,៧៧៨នាក់កើនឡើង៣០. ២៥% និងភ្ញៀវទេសចរបរទេសចំនួន ១១៨នាក់ កើនឡើង១០. ២៨%ខណៈប្រជាពលរដ្ឋ បានទៅធ្វើបុណ្យទានតាមទីវត្តអារាមនានាក្នុងខេត្ត មានចំនួន ៩៧,០៣០នាក់ កើនឡើង០. ៧៩%។
សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលបានចេញទៅធ្វើបុណ្យទាន តាមទីវត្តអារាមនានាក្នុងខេត្ត មានចំនួន ១២០,៩២៦នាក់ កើនឡើង៥. ៥០% បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ មានចំនួន ១១៤,៦២៧នាក់។
ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា ការកើនឡើងភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាមានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕